(អាមេរិក)៖ លោក Zhong Shanshan ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតទឹកសុទ្ធ Nongfu Spring របស់ចិន បានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី៦ នៅលើពិភពលោក ក្រោយដែលពេលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជាង ៥ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Forbes នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ទ្រព្យសម្បត្តិរបស់លោក Zhong Shanshan បានកើនឡើង ៥.៤ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដែលជំរុញឱ្យទ្រព្យសម្បត្តិរបស់លោក កើនឡើងសរុបដល់ ៩២.១ពាន់លានដុល្លារអាមេរិក និងក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី៦។

មូលហេតុដែលនាំឱ្យទ្រព្យសម្បត្តិរបស់លោកកើនឡើងខ្ពស់យ៉ាងនេះនោះគឺដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលោកបានកើនឡើង ៦.៥ភាគរយ ខណៈដែលលោកគឺជាម្ចាស់ភាគហ៊ុនរហូតដល់ ៨៤.៤ភាគរយ។ ភាគហ៊ុនដែលកើននេះបានពីការផលិតវ៉ាក់សាំងកូវីដ និងការលក់ទឹកបរិសុទ្ធនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nongfu Spring ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ១៩៩៦ និងបានប្រកាសដាក់ចូលផ្សាយមូលបត្រ (IPO) នៅខែកញ្ញា ឆ្នាំ២០២០ ដោយទទួលបានតម្លៃសរុប១ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩ រកចំណូលបាន ៣.៤ពាន់លាន ដុល្លារអាមេរិក៕