(កណ្ដាល)៖ កញ្ញា លីម មួយហ្គិច តារាសម្ដែង និងជាប្រធានផ្នែកអាណាចក្រសិល្បៈខ្មែរ នៃកម្មវិធីកិត្តិសព្ទកម្ពុជា ស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ និងញាំអាហារសាមគ្គីជាមួយកុមារៗខ្សោយសតិបញ្ញា មានពិការភាព អូទីស្សឹម នៅអង្គការ HHC និងសិស្សានុសិស្សអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្មវិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក បែ មករា នាយករងកម្មវិធីកិត្តិសព្ទកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ ប្រធានសហភាពសហពន្ធ័យុវជនរាជធានីភ្នំពេញ ព្រមទាំងនាយករង សមាជិក សមាជិកា គ្រប់ផ្នែកទាំងអស់នៃកម្មវិធីកិត្តិសព្ទកម្ពុជា លោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រិល្បៈ និងជាអនុប្រធាន ស.ស.យ.ក វិស័យវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សំណាក់ផលិតករ សិល្បករ សិល្បការីនីជាច្រើនរូប មានដូចជា លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាសាស្រ្តាមេឌា អ្នកនាង ស្វែង សុជាតា អ្នកនាង ឌី សូនីតា លោក អេឡិច ហ្សូរ៉ា កញ្ញា រចនា រ៉ាវ៉ាឌី លោក Prince កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 និងក្រុមម៉ូឌែល CIM ចូលរួមផងដែរ ហើយបាននាំយកនូវអំណោយរបស់លោកប្រធាន រួមទាំងអំណោយសប្បុរសជនជាច្រើនផងដែរ ហើយក៏មានការនឹករលឹកមកដល់កុមារៗមានពិការភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។

គោលបំណងកម្មវិធីនេះ គឺចង់ចែករំលែកក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅ មិនរើសអើងរវាងក្មេងៗអូទីហ្សឹម ត្រឡប់មកយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហាជំងឺអូទីហ្សឹមនេះវិញ ក្នុងនោះក៏មានកម្មវិធីកម្សាន្តសប្បាយរីករាយជាច្រើនពីសិល្បករដល់ក្មេងៗខាងលើផងដែរ។

ក្នុងនោះដែរ ផ្នែកអាណាចក្រសិល្បៈខ្មែរក៏បានសំណូមពរដល់មាតាបិតាទាំងអស់ដែលមានកូនមានជំងឺអូទីស្សឹម សូមមេត្តាយកចិត្តទុកដាក់ និងផ្តល់ក្លាំងចិត្តឲ្យបានច្រើនដល់ពួកគាត់ ហើយក៏បានអំពាវនាវដល់សប្បុរសជននៅតែបន្តចូលរួមបរិច្ចាគដល់អង្គាការ HHC ដើម្បីសម្រាលបន្ទុករបស់អង្គការផងដែរ៕