(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី ដែលប្រជាពលរដ្ឋគ្រប់គ្នាអាចចូលរួមសកម្មភាព នៃការជួញដូរបានដោយសេរី គ្មានការលូកដៃ ឬកំណត់ថ្លៃដោយរដ្ឋាភិបាល ប៉ុន្តែការប្រកបអាជីវកម្មត្រូវតែមានការប្រកួតប្រជែងគ្នា ប្រកបដោយសុចរិតភាព និងភាពស្មោះត្រង់ និងចៀសវាងការប្រកបអាជីវកម្មដោយការប្រកួតប្រជែង អាជីវកម្មដោយមិនស្មោះត្រង់ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។

ដូច្នេះ តើអ្វីទៅជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់? ហើយអំពើនេះត្រូវផ្តន្ទាទោសបែបណា?

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ សម្រាប់សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ គឺជាអំពើនៃការប្រកួតប្រជែងណាដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងត្រង់ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងដោយមិនស្មោះត្រង់។

បន្ថែមពីនេះផងដែរ ក្នុងមាត្រា២៣ នៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា រាល់ទង្វើទាំងឡាយដូចមានរៀបរាប់ខាងក្រោមនេះត្រូវចាត់ទុកថា បានបង្កើតនូវអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៖

១៖ ការបង្កើតឱ្យមានការភ័ន្តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្ម ភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
២៖ ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
៣៖ ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភ័ន្តច្រឡំ អំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ។

ឧទាហរណ៍៖ លោក «ក» ជាម្ចាស់អាជីវកម្មលក់ផលិតផល ប្រភេទ «A» ដែលបានបង្កើត និងបានយកម៉ាកនោះទៅចុះបញ្ជីត្រឹមត្រូវទៅតាមច្បាប់រួចហើយ តែលោក «ខ» ឃើញផលិតផល ប្រភេទ «A» មានអ្នកនិយមប្រើប្រាស់ច្រើន លោក «ខ» ក៏បានបង្កើតផលិតផលចម្លងតាម លោក «ក» ទាំងស្ទើរទាំងស្រុង ដែលនាំឱ្យមានការភ័ន្តច្រឡំយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ពោលសកម្មភាពរបស់លោក«ខ» គឺជាការប្រកបអាជីវកម្ម ដែលមានលក្ខណៈប្រកួតប្រជែងមិនស្មោះត្រង់។

យោងតាមស្មារតីមាត្រា ៦៥ នៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ជនណាដែលបានធ្វើសកម្មភាពដូចខាងក្រោម៖

* ការបង្កើតឱ្យមានការភ័ន្តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬ ជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង
* ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង
* ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភ័ន្តច្រឡំ អំពីប្រភេទ ដំណើរការផលិត លក្ខណៈ ភាពសមស្រប សម្រាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ នឹងត្រូវផ្ដន្តាទោស ពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវផ្ដន្តាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។

សរុបមកអំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងទាត់ នៅក្នុងវិស័យឧស្សាហ កម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីការពារនូវពាណិជ្ជនាមក្រុមហ៊ុន ឬសហគ្រាស ដែលជាស្នាដៃរបស់ខ្លួនបាន ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ចាំបាច់ត្រូវយកពាណិជ្ជនាមដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីពាណិជ្ជនាមនៅក្រសួងពាណិជ្ជកម្ម ចៀសវាងនូវការរំលោភបំពានដោយធ្វើការប្រកួតប្រជែងអាជីវកម្មមិនស្មោះត្រង់ ពីសំណាក់ដៃគូ ឬជនខិលខូច ក្នុងកាលៈទេសៈណាមួយជាយថាហេតុ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕