(ភ្នំពេញ)៖ នៅព្រឹកនេះផលិតកម្ម GalaxyNavatra បានចេញ១បទទៀតហើយគឺបទ «លក់ឡានប្រញាប់» ដោយក្នុងអត្ថន័យនៃបទចម្រៀង កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រើស្ទីលញ៉ែ តន់ ចន្ទសីម៉ា ឡើងទន់លោងតែម្ដង។

ជារសជាតិថ្មីប្លែក សម្រាប់បម្រើអារម្មណ៍បងប្អូនច្រៀងរាំលេងសប្បាយ នារដូវចូលឆ្នាំនេះតែម្ដង ហើយបើនិយាយពីអត្ថន័យនៃបទចម្រៀងវិញ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានសម្ដែងជាអ្នកគក់ជេឡាន ថែមទាំងពូកែប្រូញ៉ែតួស្រី តន់ ចន្ទសីម៉ា ឡើងបែកខ្ទិះតែម្ដង។

គិតមកដល់ថ្ងៃនេះផលិតកម្ម GalaxyNavatra បានចេញបទចម្រៀង ដែលជាការច្រៀងរួមគ្នាជារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំនួន៧បងមកហើយ ក្នុងនោះមានដូចជាទី១បទ «កាត់ឆុង»,ទី២បទ «ប្រហុក»,ទី៣បទ «រកស៊ីជាមួយយក្ស»ទី៤បទ «អរគុណកាមេរ៉ា» ទី៥បទ «មាន់កម្សត់» ទី៦បទ«ឡានទំនើប» និងបទ«លក់ឡានប្រញាប់»។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែ ទទួលបានការគាំទ្រខ្លាំងមិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នក Views រាប់លានដង។

តាមផែនការ ផលិតកម្មដែលមានថៅកែធ្លាប់មានប្រវត្តិ ជាអតីតពលករនៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលបានគោរមងារជាអ្នកឧកញ៉ារូបនេះ គឺសម្រុកផលិតបទចម្រៀង១ថ្ងៃយ៉ាងហោចបាន១បទ។ ទន្ទឹមគ្នានោះដែរ ដើម្បីឲ្យឈានដល់គោលដៅផលិតកម្ម GalaxyNavatra ក៏កំពុងតែត្រូវការអ្នកនិពន្ធគ្រប់ផ្នែកទាំងអស់ ក្នុងតម្លៃខ្ពស់ព្រមទាំងមានរង្វាន់លើកទឹកចិត្តខ្ពស់ មិនធ្លាប់លើទីផ្សារការតែងនិពន្ធ។

ចង់ដឹងថាបទ «លក់ឡានប្រញាប់» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ប្រើស្ទីលញ៉ែគ្នាបែបណានោះ តោះ! ប្រិយមិត្តស្ដាប់លេងទាំងអស់គ្នា៖