(ភ្នំពេញ)៖ ទូរទស្សន៍ហង្សមាស កំពុងតែជោគជ័យខ្លាំង លើរឿងភាគខ្មែរជាបន្តបន្ទាប់ ដែលបានស្រូបទាញទស្សនិកជន ឲ្យងាកមកគាំទ្រវិស័យភាពយន្តភាគខ្មែរ យ៉ាងច្រើនលើសលុប តាំងពីចាប់ផ្តើមចាក់បញ្ចាំងរឿងភាគខ្មែរលើ កញ្ចក់ទូរទស្សន៍ខ្លួនប្រមាណជាងបីឆ្នាំមកនេះ។ សង្កេតឃើញថា រឿងភាគខ្មែរដែលបានផលិតដោយ ទូរទស្សន៍ហង្សមាស មានការប្រជែងគុណភាពយ៉ាងខ្លាំង ជាមួយនឹងភាពយន្តភាគនាំចូលពីបរទេស ដែលចរាចរណ៍យ៉ាងខ្វាត់ខ្វែង នៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។

ជាក់ស្តែងសម្រាប់ដើមឆ្នាំ ២០២១ នេះ ស្ថានីយទូរទស្សន៍ហង្សមាស កំពុងប្រកាសត្រៀមចាក់ផ្សាយរឿងភាគថ្មីមួយទៀត ដែលអាចនិយាយបានថា ថ្មីប្លែកមួយបែបទៀត សម្រាប់វិស័យរឿងភាគក្នុងស្រុក។ រឿងភាគខ្មែរ មានចំណងជើងថា «ខ្ញុំមានញាណលើស» គឺបានផ្តោតទៅលើមនុស្ស មានញាណពិសេសអាចដឹងពីរឿងហេតុ ដែលអាចកើតឡើងមុន ហើយថែមទាំងមានការផ្លាស់ប្តូរវិញ្ញាណរូបកាយគ្នាថែមទៀតផង។ ធ្លាប់តែ បានទស្សនារឿងប្រភេទបែបនេះ របស់បរទេស តែវាជារសជាតិថ្មីប្លែក ដែលមិនធ្លាប់មាននៅឡើយសម្រាប់ វិស័យភាពយន្តភាគខ្មែរ។

កាន់តែចង់ដឹងថាតើហង្សមាស នឹងអាចធ្វើបានល្អដល់កម្រិតណាចំពោះរឿងប្រភេទនេះ ព្រោះថា ក្រៅពីត្រូវការសាច់រឿងល្អហើយ ក៏ត្រូវការបច្ចេកទេសសំបូរបែបផងដែរ។ អ្វីដែលអាចទាក់ទាញយ៉ាងខ្លាំង មិនអាចរំលងបានចំពោះរឿងភាគថ្មីមួយនេះ គឺតួអង្គសុទ្ធតែជាតារាជួរមុខក្នុងផលិតកម្ម រស្មីហង្សមាស ផ្ទាល់តែម្តងដូចជា ឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ,សុខ ស្រីនាង, ប៉ាច គីមមួយ, គ្រី ថៃពៅ និងសយ រតនៈ ជាដើម ដែលនេះគឺជាលើកទី១ហើយ ដែលមានអាយដលក្នុងផលិតកម្មយក្សមួយនេះ មកប្រជុំគ្នាច្រើនបែបនេះ។

នៅតែមួយថ្ងៃទៀតតែប៉ុណ្ណោះ កាលបរិច្ឆេទនៃការចាក់ផ្សាយភាគដំបូងរបស់រឿង «ខ្ញុំមានញាណលើស» នឹងចូលមកដល់ហើយ ពោលគឺថ្ងៃចន្ទស្អែកនេះផ្ទាល់តែម្តង នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ម៉ោង៧ដល់៨ យប់៕