(ភ្នំពេញ)៖ មុន្នី វិជ្ជរ៉ា ត្រូវបានអ្នកនិយមតាមដានសិល្បៈមើលឃើញថា នាងគឺជាតារាសម្តែងស្រីវ័យក្មេងមួយរូប ដែលទើបនឹងចូលពន្លកក្នុងពិភពសិល្បៈ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ តារាស្រីស្រស់សោភាម្នាក់នេះ ស្រាប់តែក្តោបតំណែងបានជាតួឯកភ្លែត ក្នុងរឿងភាគដំបូង ខុសពីតារាសម្តែងដទៃ ដែលផ្តើមដំបូងត្រឹមជាតួរាយរង និងប្រើពេលរាប់ឆ្នាំទម្រាំមានមហាជនស្គាល់។

ជាក់ស្តែង តាមរយៈការចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News នាពេលថ្មីៗនេះ តារាសម្ដែង មុន្នី វិជ្ជរ៉ា បាននិយាយថា ការលើកឡើងថា ការទទួលតំណាងធំក្នុងនាមជាតួឯកនោះ គឺដោយសារតែអ្នកដឹកនាំសម្តែងជើងចាស់លោកស្រី ពាន់ ភួងបុប្ផា គឺមិនខុសទេ ព្រោះនាងត្រូវបានលោកស្រី ជ្រើសរើសឲ្យចូលរួមសម្តែងរឿងភាគដំបូង មានចំណងជើងថា «តួគេខ្ញុំសម្តែង» ក្នុងតំណែងជាតួឯងតែម្ដង ព្រោះអ្នកដឹកនាំសម្ដែងជើងចាស់រូបនេះ ពិនិត្យឃើញលក្ខណៈពេសេសរបស់នាងច្រើន ជាងតារាដទៃ។

តារាសម្ដែង មុន្នី វិជ្ជរ៉ា បានបន្ថែមថា ដើមហេតុបែបនេះ ធ្វើឲ្យការចូលសិល្បៈរបស់នាង គឺមិនមែនតាមរយៈការប្រឡង ប្រកួតប្រជែងកម្មវិធីអ្វីមួយនោះទេ។ នាងថា ដំបូងឡើយ គឺនាងធ្លាប់ដាក់ពាក្យចូលប្រឡងបរវរកញ្ញា ក្នុងកម្មវិធី «Miss Cambodia» ស្របពេលនោះ មិនទាន់ទាំងបានប្រឡងផង ក៏ស្រាប់តែផលិតករ ពាន់ ភួងបុប្ផា ត្រូវការតួស្រីសម្តែង ហើយនៅពេលដែលក្រុមហ៊ុន Agency ណែនាំរូបនាងទៅដល់ផលិតករ ហើយផលិតករក៏ពេញចិត្ត ពោលគឺមានអត្តចរិត និងត្រេមុខរបស់នាង ស៉ីនឹងរឿងភាគមួយនោះ ក៏លោកស្រី ពាន់ ភួងបុប្ផា សម្រេចយកនាងតែម្តង។

ដោយសារតែមានទឹកចិត្តស្រឡាញ់សិល្បៈនោះ កញ្ញា មុន្នី វិជ្ជរ៉ា បានចូលសម្តែងក្នុងរឿងដំបូង ក្នុងនាមជាតួឯកភ្លាម ដោយសារការជ្រើសរើសយកពីសំណាក់ លោកស្រី ពាន់ ភួងបុប្ផា ទាំងដែលមិនមានបទពិសោធន៍សម្តែងទាល់តែសោះ។ យ៉ាងណាមិញ នាងបានយកចិត្តទុកដាក់ ព្យាយាម ស្តាប់តាមការណែនាំរបស់ផលិតករ និងមានទេពកោសល្យសម្តែងផងនោះ ទើបតារាស្រី មុន្នី វិជ្ជរ៉ា ជោគជ័យមួយជំហាន និងបានទទួលសម្តែងរឿងជាបន្តបន្ទាប់។

តាមរយៈការសាកសួរពីសំណាក់ពិធីរ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា មុន្នី វិជ្ជរ៉ា បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ មានរឿងភាគចំនួន៣ហើយ ដែលមានបានចូលរួមសម្តែង ដោយរឿងទី១ គឺមានចំណងជើងថា «តួគេខ្ញុំសម្តែង» ជាតួអង្គឯក, រឿងទី២ «រសជាតិអ្នកមាន» ជាតួធំ និងរឿងទី៣ «មន្តស្នេហ៍ចៅស្រី» ជាតួអង្គឯក។

គួរជម្រាបថា ក្រៅពីការងារសិល្បៈ តារាស្រី មុន្នី វិជ្ជរ៉ា គឺជានិស្សិតឆ្នាំទី៣មួយរូប ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកធនាគារ និងហិរញ្ញវត្ថុ៕