(លីវើភូល)៖ នៅទីបំផុតក្រុមមេឃខៀវ Manchester City អាចយក ៣ពិន្ទុចេញពីទឹកដីកីឡដ្ឋាន Anfield បានហើយ គិតចាប់តាំងពីឆ្នាំ២០០៣ មក គ្រាដែលកីឡាករចាំទី Alisson Becker របស់ Liverpool បានបង្កកំហុសដង ក្នុងលទ្ធផលចាញ់ ៤-១។

កីឡាករចាំទីប្រេស៊ីល Alisson បានភ្លាត់ស្នៀតបញ្ជូនបាល់ឲ្យ Phil Foden មុនពេលត្រូវបាន Gundogan ស៊ុតគ្រាប់នាំមុខជាលើកទី២ នៅនាទី៧៣ និង ៣នាទីបន្ទាប់កីឡាករដែលជួយហង្សក្រហម Liverpool ឈ្នះទាំងពាន UEFA Champions League និង Premier League បានបង្កកំហុស ១ទៀតតាមរយៈបញ្ជូនបាល់ឲ្យ Bernado Silva មុនពេល Raheem Sterling តែតបញ្ចូលទីបានសម្រេចគ្រាប់ទី៣។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍លីគកំពូលអង់គ្លេស Premier League ខ្សែបម្រើដែលត្រូវប្តូរមកលេងការពារ Fabinho ក៏បានបង្កកំហុសទាក់ជើង Sterling ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់នៅចុងម៉ោងនៃវគ្គទី១ ផងដែរ តែត្រូវបាន Gudogan ទាត់អត់ចូល នៅមុនពេលកីឡាករវ័យក្មេង Phil Foden ក៏រកបាន ១គ្រាប់ផងដែរនៅនាទី៨៤ និងប៉េណាល់ទីបានសម្រេចតែ ១គ្រាប់របស់ Mohamed Salah នៅនាទី៦៣ ដែលជាគ្រាប់តាមស្មើនៅក្រោយពេល Gudogan រកបានគ្រាប់បែកពងមាន់តាំងពីនាទី៤៩។

៣ពិន្ទុបន្ថែមក្រៅដីនេះដែរ ធ្វើឲ្យ Man City នាំមុខកំពូលតារាងដាច់ ៥ពិន្ទុនៃពិន្ទុសរុប ៥០ពិន្ទុ ពីក្រុមលេខ២ Manchester City នៅពេលពួកគេ (Manu) លេងបានស្មើ ៣-៣ ទល់នឹង Everton នៅកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃសៅរ៍ និងដាច់ ១០ពិន្ទុពីក្រុមលេខ៤ Liverpool គិតត្រឹម ២៣សប្តាហ៍ ដោយ City នៅសល់ ១ប្រកួតដៃផងដែរ៕