(ក្រុងឡុងដ៍)៖ Harry Kane ដែលទើបជាសះស្បើយពីរបួសកជើងនោះ រកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ២ទល់នឹង០ ទៅលើក្រុមភ្ញៀវ West Bromwich Albion នៅ Premier League សប្តាហ៍ទី២៣ ជើងទី២ នារាត្រីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ខ្សែប្រយុទ្ធពាក់លេខ១០ សញ្ជាតិអង់គ្លេសខាងលើនេះ ក៏បានជួយក្រុមរបស់លោក Jose Mourinho បញ្ចប់ភាពលេងមិនឈ្នះ ៣ប្រកួតកន្លងមកនេះ ដោយរកបានជ័យជម្នះត្រឡប់មកវិញ តាមរយៈស៊ុតបញ្ចូលទី១ គ្រាប់ផងដែរនៅនាទី៥៤ ពីការបញ្ជូនរបស់មិត្តរួមក្រុម Hojbjerg និង Lucas Moura បញ្ជូនឲ្យ Son Heung-min ស៊ុតគ្រាប់ទី២ នៅនាទី៥៨ ក្នុងការប្រកួតដែលធ្លាក់ព្រិលពេញទីលាន Tottenham ទៀតផង។

Harry Kane បានប្រើពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ដើម្បីព្យាបាលរបួសកជើងរបស់គេ ដែលបានរងរបួសក្នុងជំនួស Tottenham Hotspur ចាញ់ក្រុមភ្ញៀវ Liverpool ៣-១ មុនក្រុមមាន់ខ្នាយមាសមួយនេះបន្តចាញ់ Brighton និងតោខៀវ Chelsea ក្នុងលទ្ធផល ១-០ នៅលីគកំពូលអង់គ្លេស Premier League សម្រាប់ជើងទី២នេះ។

Kane រកបាន ១៣គ្រាប់ហើយនៅ Premier League រដូវកាលនេះ នាំមុខដៃគូ Son ជួយក្រុម Spurs ឡើងទៅឈរនៅលេខ៧ វិញ មានគម្លាត ៤ពិន្ទុពីកៅអី UEFA Champions League គ្រាដែលគូប្រជែងបន្តឈរនៅលេខ១៩ ក្នុងតំបន់កាត់ចេញពីលីគកំពូលអង់គ្លេសរដូវកាលក្រោយ៕