(ភ្នំពេញ)៖ ក្លិបភ្នំពេញក្រោន បានធ្វើឲ្យអ្នកគាំទ្រមានការភ្ជាក់ផ្អើលជាខ្លាំង ចំពោះការបង្ហាញ់ទម្រង់លេងដ៏ល្អ ដើម្បីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ៣-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Forward Pre-Season Cup 2021 នៅកីឡដ្ឋានព្រីនស៍កាលពីយប់មិញ ដើម្បីក្លាយជាជើងឯក មុនលីគរដូវកាលថ្មីមកដល់។

ជំនួបដ៏ជក់ចិត្តនេះ គ្រាន់តែអាជ្ញាកណ្ដាលផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតភ្លាម ភ្នំពេញក្រោន បានព្យាយាមដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ តែមិនអាចបញ្ចប់ទីបានឡើយ ស្របពេលវិសាខា គឺឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់មុន ដោយកីឡាករ Mustafa ZAZAI នៅនាទីទី៦ និងខ្សែប្រយុទ្ធ Marcus Haber នៅនាទី៥២។

ទោះបីត្រូវក្រុមម្ចាស់ផ្ទះនាំមុខយ៉ាងណា ភ្នំពេញក្រោន នៅតែរក្សាទម្រង់លេងលឿនៗ រហូតរកបានគ្រាប់តាមស្មើវិញ ដោយកីឡាករ ជួន ចាន់ចាវ និង Neito នៅនាទី៥៧ និងនាទី៦៧។ លុះដល់នាទីបន្ថែមចុងម៉ោង ខណៈដែលវិសាខា បាត់បង់សមាជិកម្នាក់ គឺកីឡាករ ទៀត គឹមហេង ដែលទទួលកាតក្រហមនៅនាទី៨៨ បានបង្កឱមកាសឲ្យភ្នំពេញក្រោន បន្ដដាក់សម្ពាធ រហូតរកបានគ្រាប់ជ័យជម្នះ នៅនាទី៩០+៤ ដោយកីឡាករ Matheus Souza ដើម្បីក្លាយជាម្ចាស់ពានលក្ខណៈមិត្តភាពនេះតែម្ដង។

គួរបញ្ជាក់ថា ពានលក្ខណៈ Pre-Season នេះ គឺរៀបចំដោយក្លិបវិសាខា ដែលមានក្រុមខ្លាំង ៣ក្រុមផ្សេងទៀតចូលរួម។ ជាលទ្ធផលភ្នំពេញក្រោន បានគ្រងជើងឯក បន្ទាប់ពីឈ្នះ ២ប្រកួតជាប់គ្នា ពោលគឺឈ្នះអង្គរថាយហ្គឺរ ១-០ កាលពីវគ្គចាប់គូជម្រុះ និងឈ្នះវិសាខា ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈម្ចាស់ផ្ទះវិសាខា បានត្រឹមជើងឯករង។ រីឯក្លិបព្រះខ័នរាជស្វាយរៀង ដែលប្រកួតចាញ់វិសាខា ៤-១ កាលពីវគ្គចាប់គូជម្រុះ បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួតឈ្នះអង្គរថាយហ្គឺរ ២-០ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣៕