(អាមេរិក)៖ ខណៈដែល TikTok មិនទាន់ដឹងថាបានឈរជើងនៅលើទឹកដីសហរដ្ឋអាមេរិករហូតដល់ពេលណាផងដែរនោះ ស្រាប់តែនៅពេលនេះ មានព័ត៌មានបានរាយការណ៍មកថា TikTok គ្រោងបន្ថែមមុខងារ e-commerce សម្រាប់អ្នកប្រើប្រាស់ ដែល នៅ អាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មុខងារ e-commerce នឹង ត្រូវបានដាក់បញ្ចូលទៅក្នុង TikTok ក្នុងឆ្នាំនេះ ដោយក្នុងនោះ មានតែអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទើបអាចប្រើមុខងារនេះបាន ប៉ុន្តែ គេមិនទាន់ច្បាស់ថា ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងយ៉ាងណានោះទេ។

តាមការបញ្ជាក់ពី Financial Times បានឱ្យដឹងថា អ្នកប្រើប្រាស់អាចធ្វើការ Share នូវផលិតផលទៅលើ timeline របស់ខ្លួនឯង និងលក់ ទៅឱ្យអតិថិជនបាន ដោយទទួលបាននូវកម្រៃជើងសារទៅតាមផលិតផល។ ចំណែកអតិថិជនអាចទិញផលិតផលទាំងនោះបាន ដោយគ្រាន់តែ ចុងទៅលើផលិតនោះ និងបំពេញតាមលក្ខណៈមួយចំនួន។

គួរបញ្ជាក់ផងដែរថា Financial Times និង Bloomberg បានរាយការណ៍មកដូចគ្នាថា TikTok នឹងបង្កើត Store សម្រាប់ លក់ ផលិត ផល ដោយខ្លួនឯង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង់ និងលក់ ជាពិសេសគឺប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយខ្លួនឯង ដោយមិនពឹងលើ ក្រុមហ៊ុន ផ្សេងៗ៕