(មីឡាន)៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកបានគ្រាប់បាល់កើនដល់ ៥០០គ្រាប់ក្នុងជ័យជម្នះ ៤-០ របស់ AC Milan ទៅលើក្រុមភ្ញៀវ Crotone ក្នុងយុទ្ធនាការលីគកំពូល Serie A នៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិស៊ុយអែតខាងលើនេះ ជាអ្នករកបាន ២គ្រាប់នាំមុខដែលគ្រាប់បាល់ទី៥០០ និង៥០១គ្រាប់ក្នុងក្លិបអាជីពនៅនាទី៣០ និងនាទី៦៤ ក្នុងរយៈពេលច្រើនជាង ២១ឆ្នាំ នៅពេលគ្រាប់ដំបូងរបស់គេ បានកើតឡើងតាំងពីឆ្នាំ១៩៩៩ នៅពេលលេងឲ្យក្លិបក្នុងស្រុក Malmo ដែលលេងក្នុងលីគកំពូលរបស់ស៊ុយអែត។

អតីតកីឡាករនៃក្លិប Inter Milan, FC Barcelona, PSG និង Manchester United ផងនោះ អាចរកបាន ១៤គ្រាប់ក្នុងចំណោម ១១ប្រកួតក្នុងលីគនារដូវកាលនេះ គ្រាដែលមិត្តរួមក្រុម Rebic ក៏រកបាន ២គ្រាប់ផងដែរនៅនាទី៦៩ និងនាទី៧០។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ AC Milan វិលទៅកាន់តំណែងកំពូលតារាង Serie A វិញជាមួយនឹង ៤៩ពិន្ទុនាំមុខក្រុមលេខ២ ដែលស្ថិតក្នុងទីក្រុង Milan ជាមួយគ្នា Inter Milan ២ពិន្ទុក្នុងចំណោម ២១សប្តាហ៍ក្នុងជើងទី២ដូចគ្នា៕