(ហ្ស៊ូរិច)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចេញសេចក្តីប្រកាសថា ជំនួបរវាងក្រុម Liverpool ប៉ះ RB Leipzig សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៅ Champions League នឹងធ្វើឡើងនៅប្រទេសហុងគ្រីវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

កីឡដ្ឋាន Pukas Arena ដែលស្ថិតក្នុងទីក្រុង Budapest នៃប្រទេសស្ថិតនៅអឺរ៉ុបមួយនេះ នឹងធ្វើជាទឹកដីសម្រាប់ជើងទី១ របស់ RB Leipzig នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារអាល្លឺម៉ង់បានដាក់កំហិត ជាពិសេសភ្ញៀវបរទេសមកពីអង់គ្លេស ក្រោមហេតុផលបញ្ចៀសជំងឺ Covid-19។

សម្រាប់ឯការប្រកួតជើងទី២ វិញនឹងបន្តធ្វើនៅទឹកដី Anfield របស់ក្លិប Liverpool នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយពុំមានអ្នគាំទ្រចូលទស្សនាផ្ទាល់ក្នុងទីលានដូចគ្នា។

UEFA បានថ្លែងអំណរគុណដល់ Liverpool និង RB Leipzig ដែលយល់ស្របចំពោះសេចក្តីសម្រេចនេះ និងដៃគូពាក់ព័ន្ធ សហព័ន្ធបាល់ទាត់ហុងគ្រីចំពោះករណីបង្កភាពងាយស្រួលក្នុងការផ្តល់ទីតាំងនេះផងដែរ៕