(អាមេរិក)៖ បន្ទាប់ពីបែកធ្លាយព័ត៌មានជាច្រើនទាក់ទងនឹង Apple និង Hyundai លើគម្រោងផលិតរថយន្តរបស់ ក្រុមហ៊ុន Apple នៅពេល នេះមានសេចក្ដីរាយការណ៍ថ្មីមកថា ក្រុមហ៊ុន Apple ផ្អាកការចរចា ឬកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Hyundai ដោយមិនមាននរណាដឹងពីមូលហេតុនោះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងផលិតរថយន្ត អគ្គិសនីរបស់ក្រុមហ៊ុន Apple ជាមួយនឹងក្រុមហ៊ុន Hyundai ត្រូវបានផ្អាក ដោយប្រភពមិនច្បាស់ការមួយបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple បាន ទាក់ទងនឹងទៅកាន់ក្រុមហ៊ុនផលិតរថយន្តផ្សេង ដើម្បីផលិត Apple Car ជំនួសឱ្យ Hyundai។

Bloomberg បានលើកឡើងថា មូលហេតុដែលនាំឱ្យ Apple ផ្អាកការពិភាក្សាជាមួយនឹង Hyundai ដោយសារតែ Apple មានការអន់ចិត្ត ទៅនឹងក្រុមហ៊ុន Hyundai ដែលធ្វើឱ្យបែកធ្លាយនូវព័ត៌មានសម្ងាត់ទាក់ទងនឹង ការផលិតរថយន្តអគ្គិសនីរបស់ Apple ខណៈខ្លួនបាន រក្សាការសម្ងាត់នេះអស់រយៈពេលជាយូរមកហើយ។

ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា បើសិនជា Apple អន់ចិត្តនឹង Hyundai ហើយឈប់សហការនោះ គឺមានតែក្រុមហ៊ុន General Motors Co (GM) ទេដែលអាចសហការជាមួយនឹង Apple បានដោយសារតែ GM មានលក្ខណៈផ្សេងៗជាច្រើនដែលសមស្របទៅនឹងការចង់បាន របស់ Apple៕