(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងស្វែងរក ៣ពិន្ទុបន្ថែមរវាងក្រុម Leicester City ប៉ះហង្សក្រហម Liverpool ជាជំនួបសងសឹករបស់ក្រុមលីគកំពូលអង់គ្លេស Premier League នៃសប្តាហ៍ទី២៤ ជើងទី២ ក្នុងតំបន់ (Top-4) នៅពេលដែលក្រុមកញ្ជ្រោងខៀវដឹកនាំដោយលោក Brendan Rodgers បានចាញ់ក្នុងលទ្ធផល ៣-០ យ៉ាងអាម៉ាសកាលពីជើងទី១។

ក្រុមដែលធ្លាប់លើកពានលីគ Premier League ឆ្នាំ២០១៦ កញ្ជ្រោងខៀវ Leicester City ឈរនៅលេខរៀងទី៣ ក្នុងតារាងមាន ៤៣ពិន្ទុ បានរបូត ៣ពិន្ទុកាលពីជើងទី១ នៅទឹកដីកីឡដ្ឋាន Anfield ដែលត្រូវបើកទ្វារកីឡដ្ឋាន King Power ទទួលក្រុមការពារតំណែងជើងឯក Liverpool វិញ ដែលជាគូប្រជែងឈរលេខរៀងទី៤ បណ្តោះអាសន្ន។

ជំនួបប្រកួតនេះដែរ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលក្រុមម្ចាស់ផ្ទះ Leicester City បញ្ចប់ការប្រជែងពាន FA Cup ទល់នឹង Brighton Hove & Albion ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ដែលជា ៣ពិន្ទុដ៏សំខាន់សម្រាប់ Liverpool ឈរនៅតំណែងអាចលេងពាន Champions League នារដូវកាលក្រោយ៕