(ភ្នំពេញ)៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រារព្ធពិធី «ដាក់ដំណើរការការប្រើប្រាស់ សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រាប់ប្រតិបត្តិការ ចំណូលពន្ធគ្រប់ប្រភេទ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា អនុវត្តនៅទូទាំងប្រទេស» ដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទាំងអស់ អាចធ្វើការបង់ពន្ធជាច្រើនប្រភេទដូចជា ពន្ធអាករគ្រប់ប្រភេទ ពន្ធលើមធ្យោបាយធ្វើដំណើរ និងពន្ធលើអចលនទ្រព្យ ជូនអគ្គនាយកដ្ឋានពន្ធដារ បានតាមរយៈធនាគារ ប្រៃសណីយ៍កម្ពុជា។
កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីរបស់លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាតំណាងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, លោក អោក បូរ៉ា ប្រតិភូរាជរដ្ធាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា, លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា តំណាងក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា និងអមដំណើរដោយគណៈគ្រប់គ្រងជាន់ខ្ពស់ លោកនាយក នាយិកាសាខា និងអ្នកតំណាងមកពីអគ្គនាយកដ្ឋានពន្ធដារជាច្រើនរូប នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ អូឡាំព្យាស៊ីធី រាជធានីភ្នំពេញ ។
លោក តូច ចៅចេក បានសម្តែងការស្វាគមន៍ទៅកាន់អង្គពិធីទាំងមូល និងបានថ្លែងថា ការបង់ពន្ធ ជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការជួយទ្រទ្រង់ ការចំណាយរបស់រដ្ឋ។ ម៉្យាងវិញទៀត ពន្ធអាករជាប្រភពចំណូលដ៏សំខាន់របស់ជាតិ ក្នុងការជួយជំរុញឲ្យមានការអភិវឌ្ឍន៍ ចាប់តាំងពីរដ្ឋបាលថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។
លោកថា ការប្រមូលពន្ធបានច្រើន ក៏ធានាបាននូវនិរន្តន៍ភាព នៃការចំណាយនានារបស់រដ្ឋ ជាពិសេសចំណូលពន្ធ ដែលបានមកពីការប្រមូលពន្ធ ត្រូវបានចំណាយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម មានដូចជា ការសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន សួនច្បារ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។
លោក តូច ចៅចេក បានបន្ថែមទៀតថា ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានមោទនភាពណាស់ ដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់សិទ្ធដល់ធនាគារ ដើម្បីធ្វើការប្រមូលពន្ធ និងអាករជូនអគ្គនាយកដ្ឋានពន្ធដារ។
សព្វថ្ងៃនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានទ្រព្យសកម្មសរុបជាង ១,០០០លានដុល្លារអាមេរិក មានបណ្តាញសាខាចំនួន៥៨សាខា រួមបញ្ចូលទាំងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធចំនួន ៥១សាខា និងម៉ាស៊ីនអេធីអឹមចំនួន ៧៧ទីតាំងទូទាំងប្រទេស ដែលអាចផ្តល់ជូនភាពងាយស្រួលដល់អតិថិជន និងសាធារណជនទាំងអស់អាចធ្វើដំណើរ ទៅបង់ពន្ធដោយងាយស្រួល និងចំណាយពេលវេលាតិច។
ជាពិសេសធនាគារ ប្រៃសណីយ៍កម្ពុជា ជាធនាគារដែលធ្វើប្រតិបត្តិការតាមបែបឌីជីថល ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃប៉ុណ្ណោះ លោកអ្នកអាចគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុប្រចាំថ្ងៃបាន ស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមអនឡាញបាន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនាពេលឆាប់ៗខាងមុខនេះ ធនាគារនឹងអាចបង្កើតមុខងារមួយ ដើម្បីអាចឲ្យអតិថិជនទាំងអស់ ដែលមានគណនីជាមួយធនាគារ អាចធ្វើការបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារ បានតាមរយៈសេវាធនាគារចល័ត ដោយមិនចាំបាច់ចំណាយពេលវេលាមកកាន់សាខារបស់ធនាគារឡើយ។
ដូច្នេះ ចាប់ពីពេលនេះតទៅ គ្រប់បណ្តាបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានតម្រូវការបង់ពន្ធដូចជា ពន្ធអាករគ្រប់ប្រភេទ ពន្ធលើមធ្យោបាយធ្វើដំណើរ ពន្ធលើអចលនទ្រព្យ លោកអ្នកអាចប្រើប្រាស់សេវាប្រមូលប្រាក់បង់ពន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានដោយមិនចាំបាច់ចំណាយពេលវេលា ធ្វើដំណើរទៅកាន់ស្នាក់ការនៃអគ្គនាយកដ្ឋានពន្ធដារទៀតឡើយ។
លោកបណ្ឌិត កែន សម្បត្តិ បានថ្លែងសន្ទរកថាទៅកាន់អង្គពិធី ជាមួយនឹងប្រសាសន៍ថា ក្នុងក្របខណ្ឌនៃការអនុវត្តន៍កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកមួយនៃមុំមួយទាំង៤ នៃ «យុទ្ធសាស្រ្តចតុកោណ» របស់រាជរដ្ឋាភិបាលដើម្បីចូលរួមធានានិរន្តន៍ភាព និងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់នេះ ឲ្យសម្រេចបានជោគជ័យរាជរដ្ឋាភិបាល នៅឆ្នាំ២០១៤ បានដាក់ចេញ និងប្រកាសឲ្យអនុវត្តនូវ «យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម២០១៤ - ២០១៨» ដែលផ្តោតលើគោលការណ៍សំខាន់ៗចំនួន៤គឺ៖
ទី១៖ ការប្រមូលឲ្យអស់លទ្ធភាពនូវសក្តានុពលចំណូលដែលមាននាពេលបច្ចុប្បន្ន
ទី២៖ មិនបង្កើតប្រភេទពន្ធថ្មី
ទី៣៖ មិនតំឡើងអត្រាពន្ធ និងអាករ លើកលែងតែក្នុងករណីប៉ះប៉ូវដល់ការបាត់បង់ចំណូល និងការការពារសុខភាព ឬ/និងការការពារបរិស្ថាន
និងទី៤៖ ធានាឲ្យបាននូវភាពងាយស្រួល សមធម៌ ព្រមទាំងធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រង និងប្រមូលចំណូល។
លោកថា ដូច្នេះ ការដាក់ចេញ និងអនុវត្តនូវការប្រើប្រាស់សេវាកម្ម របស់ធនាគារពាណិជ្ជក្នុងការទទួលប្រាក់ពន្ធ និងអាករ និងបង់ពន្ធចូលគណនីទោលរតនាគារជាតិ គឺដើម្បីឆ្លើយតប និងអនុវត្តគោលការណ៍ទី៤ នៃ «យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨»។
លោកបណ្ឌិត កែន សម្បត្តិ បានបន្តទៀតថា ការដាក់ដំណើរការជាផ្លូវការ នូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងការទទួលប្រាក់ពន្ធ និងអាករនេះ គឺជាការបើកទំព័រថ្មីមួយទៀត នៃការចាប់យកនូវសក្តានុពល និងកាលានុវត្តនៃបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជម្រុញរដ្ឋាភិបាលអេឡិចត្រូនិច (E-Government) និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពផងដែរទៅនឹងផលប៉ះពាល់ នៃវិបត្តិជំងឺបណ្តាលមកពីមេរោគកូវីដ-១៩ ដែលតម្រូវឱ្យរក្សាគម្លាត និងកាត់បន្ថយការជួបជុំគ្នា។
ក្នុងឱកាសនេះ លោកក៏សូមចែករំលែកជូននូវបញ្ហាប្រឈម ដែលអគ្គនាយកដ្ឋានពន្ធដារជួបប្រទះ ក្នុងកំឡុងពេលការវិវឌ្ឍខ្លួនពីរដ្ឋបាលសារពើពន្ធ ដែលគ្រប់គ្រង ព័ត៌មាន និងទិន្នន័យតាមបែបបុរាណ (Paper-based System) មកជារដ្ឋបាលសារពើពន្ធបែបឌីជីថល (Digital Tax Administration) ដែលត្រូវជម្នះ លើមជ្ឈដ្ឋានខាងក្នុងដោយផ្លាស់ប្តូរទម្លាប់ និងផ្នត់គំនិតចាស់ៗ និងផ្តល់នូវការបណ្តុះបណ្តាលសមត្ថភាពបន្ថែមរបស់មន្រ្តី និងមជ្ឈដ្ឋានខាងក្រៅ។
លើសពីនេះទៀត ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋបាលសារពើពន្ធក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដែលជាការអភិវឌ្ឍន៍ខ្លួនមុនស្ថាប័នផ្សេងៗមួយចំនួនធំ ក៏បានការលំបាកដោយទាមទារនូវបរិយាកាសគាំទ្រ និងប្រព័ន្ធអេកូឡូស៊ី (Eco-system) ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ។
ជាចុងក្រោយ លោកបណ្ឌិត បានថ្លែងថា ការដាក់ឲ្យដំណើរការជាផ្លូវការនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រាប់ប្រតិបត្តិការចំណូលពន្ធ និងអាករនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងសម្រួលជំរុញ និងពន្លឿនការផ្តល់សេវាបង់ពន្ធ ជូនអ្នកជាប់ពន្ធឲ្យកាន់តែមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគុណភាព ជាពិសេសអាចបង្ខិតសេវាបង់ពន្ធ និងអាករឲ្យកៀកនឹងអ្នកជាប់ពន្ធ និងជួយកាត់បន្ថយការលំបាកនានា ដោយផ្តល់មកវិញនូវការជឿទុកចិត្តពីសំណាក់អ្នកជាប់ពន្ធផងដែរ។
គូសបញ្ជាក់បន្ថែមថា ក្រៅពីសេវាប្រមូលប្រាក់បង់ពន្ធ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏មានបម្រើសេវាហិរញ្ញវត្ថុជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតរួមមាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាអេធីអឹម សេវាធនាគារចល័តតាមទូរសព្ទ ប័ណ្ណឥណទាន និងឥណពន្ធវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាហិរញ្ញវត្ថុជាច្រើនទៀត ដោយគ្រប់ការធ្វើប្រតិបត្តិការទាំងអស់ នឹងមិនមានការគិតកម្រៃសេវាឡើយ៕