(ពិភពលោក)៖ ហ័រហ្គេ ម៉ារីអូ ប៊ែរហ្គូកលីយ៉ូ (Jorge Mario Bergoglio) ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាសម្តេចប៉ាបទី២៦៦ ដោយប្រើឈ្មោះថា សម្តេចប៉ាបហ្វ្រង់ស៉ីស (Pope Francis) សម្រាប់ព្រះវិហាររ៉ូម៉ាំងកាតូលិកនៃសាសនាគ្រិស្ត (Roman Catholic Church) ក្នុងខែមីនា ឆ្នាំ២០១៣។ ប៊ែរហ្គូកលីយ៉ូ គឺជាសម្តេចប៉ាបដំបូងបង្អស់ដែលមកពីទ្វីបអាម៉េរិក គ្រប់គ្រងវិមានវ៉ាទីកង់។

តើសម្តេចប៉ាបហ្វ្រង់ស៉ីស គឺជានរណា? Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅ ស្តីពីមេដឹកនាំសាសនារូបនេះ ដូចខាងក្រោម៖

* អំពីកុមារភាព និងការអប់រំ
ប៊ែរហ្គូកលីយ៉ូ ដែលអនាគតគឺជាសម្តេចប៉ាបទី២៦៦ បានកើតនៅក្នុងរដ្ឋធានីប៊ុយណូសអ៊ែរ៉េស (Buenos Aires) ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦
ក្នុងត្រកូលអន្តោប្រវេសន៍សញ្ជាតិអ៉ីតាលី។ កាលពីកុមារភាព ប៊ែរហ្គូកលីយ៉ូបានទទួលសល្យកម្ម (ការវះកាត់) ដើម្បីផ្លាស់ប្តូរផ្នែកមួយនៃសួត
ដោយសារតែកើតជំងឺធ្ងន់ធ្ងរមួយ។

គាត់បានបញ្ចប់ការសិក្សាពីសាលាបច្ចេកទេសជាអ្នកបច្ចេកទេសគីមី មុនពេលគាត់ចាប់ផ្តើមហាត់ការងារនៅឯសាសាសាសនាដាយអាស្សឺសិន (Diocesan) ក្នុងតំបន់វីលឡាដេវ៉េតូ (Villa Deveto)។ នៅខែមីនា ឆ្នាំ១៩៥៨ គាត់បានចូលខ្លួនជាអ្នកផ្សព្វផ្សាយសាសនាក្នុងសង្គមសាសនាគ្រិស្ត។

ប៊ែរហ្គូកលីយ៉ូបានបង្រៀនផ្នែកអក្សរសាស្ត្រ និងចិត្តវិទ្យា នៅឯសាកលវិទ្យាល័យ អេមម៉េកខាល់ឡេត ខន់សឹបស្សិន (Immaculate Conception) ក្នុងទីក្រុងសាន់តាហ្វេ (Santa Fe) នៅឆ្នាំ១៩៦៤ និងឆ្នាំ១៩៦៥ ហើយគាត់ថែមទាំងបានបង្រៀនមុខវិជ្ជាដូចគ្នានៅឯសាលាកូឡេជីអូ ឌែល សាវាឌ័រ (Colegio del Savator) ក្នុងរដ្ឋធានីប៊ុយណូសអ៊ែរ៉េស ឆ្នាំ១៩៦៦ផងដែរ។

គាត់បានសិក្សាផ្នែកសាសនវិទ្យា និងទទួលបានសញ្ញាបត្រពីសាលាកូលីជីអូ ដឺ សាន់ចូស (Coligio de San Jose) បន្ទាប់ពីចំណាយពេលសិក្សាក្នុងឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ ហើយបញ្ចប់ការសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកសាសនវិទ្យា ក្នុងឆ្នាំ១៩៨៦ នៅឯទីក្រុងហ្វ្រាយបឺហ្គ (Freiburg) ប្រទេសអាល្លឺម៉ង់។

* ការបួសជាបព្វជិត
បួសជាបព្វជិតជាស្ថាពរនៅខែធ្នូ ឆ្នាំ១៩៦៩ លោក ប៊ែរហ្គូកលីយ៉ូ បានចាប់ផ្តើមបម្រើការងារជាសមាជិកសមាគមព្រះយេស៊ូថ្នាក់ខេត្តនៃប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ១៩៧៣។ គាត់បាននិយាយថា ដំបូងឡើយម្តាយគាត់មិនគាំទ្រគំនិតដែលគាត់ធ្វើជាអ្នកបួសឡើយ ទោះបីជាម្តាយគាត់ជាអ្នកកាន់កាតូលិកដែលមានចិត្តបុណ្យសម្រាប់សាសនាក៏ដោយ ប៉ុន្តែម្តាយគាត់បានប្រែចិត្តវិញ គឺពេលបញ្ចប់កម្មវិធីបំបួសរបស់ប៊ែរហ្គូកលីយ៉ូ ដែលម្តាយគាត់បានទទួលយកការហៅឲ្យចូលរួម និងទទួលយកការឲ្យពរពីព្រះ។ ក្រោយមក គាត់បានត្រឡប់ទៅសាលាកូលីជីអូ ដឺ សាន់ចូសវិញ ដែលទីនោះគាត់កាន់តំណែងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ (១៩៨០-៨៦) ហើយក៏ជាសាស្ត្រាចារ្យផ្នែកសាសនវិទ្យាផងដែរ។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩២ ប៊ែរហ្គូកលីយ៉ូ ត្រូវបានគេតែងតាំងជាអាចារ្យថ្នាក់ខ្ពស់បណ្តោះអាសន្ន ដែលជាប្រធានអាចារ្យថ្នាក់ស្រុកមួយរបស់បណ្តាអាចារ្យកាតូលិកអូកា (Auca) ហើយពេលនោះដែរ គាត់ក៏ជាជំនួយការសម្រាប់រដ្ឋធានីប៊ុយណូសអ៊ែរ៉េសទៀតផង។ មួយសប្តាហ៍ក្រោយមក គាត់ត្រូវបានតែងតាំងជាប្រធានពេញសិទ្ធិនៅទីនោះ។

ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៨ គាត់បានក្លាយជាមេគណៈខាងសាសនាកាតូលិក (មហាសង្ឃនាយក) ដែលមានអំណាចគ្រប់គ្រងបណ្តាអ្នកកាន់សាសនាគ្រិស្តកាតូលិកថ្នាក់តំបន់ធំៗ សម្រាប់រដ្ឋធានីប៊ុយណូសអ៊ែរ៉េសទាំងមូល។ បីឆ្នាំក្រោយមក គឺនៅខែកុម្ភៈ ឆ្នាំ២០០១ គាត់ត្រូវបានតែងតាំងដោយសម្តេចប៉ាបចនប៉ូលទី២ (Pope John Paul II) ឲ្យក្លាយជាបូជាចារ្យដែលមានឈ្មោះថា បូជាចារ្យ សាំងរ៉ូបឺត ប៊ែលឡាមីណូ (Saint Robert Bellarmino)។ នៅឆ្នាំ២០០៥ គាត់ត្រូវបានគេឲ្យធ្វើជាប្រធានសន្និសីទសង្ឃរាជនៅប្រទេសអាហ្សង់ទីន ហើយកាន់ការងារនេះរហូតដល់ឆ្នាំ២០១១។

បន្ទាប់ពីសម្តេចប៉ាបចនប៉ូលទី២លាចាកលោកទៅ ក្នុងខែមេសា ឆ្នាំ២០០៥ ប៊ែរហ្គូកលីយ៉ូក៏ទទួលបានលេខ ២ នៃការបោះឆ្នោតឲ្យធ្វើជាសម្តេចប៉ាប តាមពីក្រោយបូជាចារ្យម្នាក់ទៀតឈ្មោះ ចូសេប រ៉ាតហ្ស៉ីងហ្គឺរ (Joseph Ratzinger)។ ហេតុដូច្នេះ ចូសេប រ៉ាតហ្ស៉ីងហ្គឺរ ត្រូវបានតែងតាំងជាសម្តេចប៉ាបជំនួសសម្តេចប៉ាបចនប៉ូលទី២។ មេដឹកនាំកំពូលសាសនាថ្មីនេះឈ្មោះថា សម្តេចប៉ាបប៊ិនណេឌិកទី១៦ (Pope Benedict XVI)។

* ការក្លាយជាសម្តេចប៉ាបរបស់ប៊ែរហ្គូកលីយ៉ូ
រហូតដល់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៧៦ ឆ្នាំ ប៊ែរហ្គូកលីយ៉ូ ត្រូវបានគេតែងតាំងជាសម្តេចប៉ាបទី២៦៦ ឬមេដឹកនាំសាសនាគ្រិស្តលំដាប់កំពូលនៃវិហាររ៉ូម៉ាំងកាតូលិករបស់ពិភពលោក។

គាត់បានក្លាយជាពលរដ្ឋដំបូងបង្អស់មកពីអាម៉េរិក និងជាមេដឹកនាំសាសនាដែលមិនមែនជាជនជាតិអឺរ៉ុប និងជាមនុស្សដំបូងគេដែលត្រូវបានគេដាក់ឈ្មោះថា សម្តេចប៉ាបហ្វ្រង់ស៉ីស (ឈ្មោះ Francis យកតាមឈ្មោះផ្លូវ Francis of Assisi នៃប្រទេសអ៉ីតាលី)។ មុនក្លាយជាសម្តេចប៉ាប គាត់បានធ្វើជាមេគណៈសាសនា និងជាអាចារ្យនៃគ្រិស្តសាសនាអស់រយៈពេលប្រមាណ ១២ ឆ្នាំ។

អំណាចនៃសម្តេចប៉ាបបានក្លាយជាទីគួរឲ្យគោរពកោតសរសើរពេញពិភពលោក ហើយត្រូវបានបង្កើតឡើងជាយូរមកហើយ គឺមុនពេលការឡើងទៅកាន់ឋានៈខ្ពស់បំផុតរបស់ព្រះវិហារនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលគាត់ក្លាយជាសម្តេចប៉ាប បណ្តាញសារព័ត៌មានបានផ្សព្វផ្សាយពីភាពជាមនុស្សធម៌របស់គាត់យ៉ាងឆាប់រហ័ស។

បណ្តាញសារព័ត៌មាននានាបានផ្សាយពីការពិតរបស់ស្តេចប៉ាបហ្វ្រេនស៉ីសថា គាត់បានត្រឡប់ទៅស្នាក់នៅផ្ទះឯកជនដែលបង់លុយដោយខ្លួនឯង ប្រសើរជាងមានគេបង់លុយជំនួស ហើយផ្សាយទៀតថា គាត់ជ្រើសរើសការរស់នៅក្នុងផ្ទះធម្មតា ២ ល្វែង ប្រសើរជាងរស់នៅបែបអស្ចារ្យក្នុងវិមានវ៉ាទីកង់ដ៏ទំនើបសម្រាប់សម្តេចប៉ាប (Vatican's Apostolic Palace)។ ការរស់នៅយ៉ាងសាមញ្ញនេះ ធ្វើឲ្យសម្តេចប៉ាបហ្វ្រេនស៉ីសបានបំបែកកំណត់ត្រាជាប្រពៃណីរបស់សម្តេចប៉ាបមុនៗ ដែលធ្លាប់ប្រកាន់យកជាងមួយសតវត្សរ៍មកហើយ។

គ្រប់បណ្តាមេដឹកនាំសាសនាកាតូលិកត្រូវបានគេកំណត់ទុកថា មិនខ្វាយខ្វល់រឿងប្រពន្ធកូនឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ២០២០ សម្តេចប៉ាបហ្វេ្រនស៉ីសបានបង្ហាញការ Like លើរូបភាពកំពូលតារាម៉ូឌែលស៉ិចស៉ីរបស់ប្រស៉ីលក្នុងសម្លៀកបំពាក់ប៊ីគីនី។ ការ Like រូបភាពខាងលើនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងជាលើកដំបូងរបស់សម្តេចប៉ាប ហើយមានមតិលើកឡើងថា មិនមែនមេដឹកនាំសាសនាកាតូលិកមិនខ្វល់រឿងផ្លូវភេទ (Sex) ដូចមនុស្សម្នាគិតឡើយ៕