(មេឆេស្ទើ)៖ កីឡាករខ្សែបម្រើ Paul Pogba នឹងបាត់មុខពីក្លិប Manchester United ក្នុងរយៈពេល ២ទៅ៣សប្តាហ៍ ដោយសារតែមានបញ្ហារបួសសាច់ដុំភ្លៅ ដែលទទួលរងកាលពីសប្តាហ៍មុនពេលបិសាចក្រហមបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ទល់នឹង Everton ក្នុង Premier League នៅកីឡដ្ឋាន Old Trafford។

ខ្សែបម្រើអន្តរជាតិបារាំងខាងលើនេះ ត្រូវបានប្តូរចេញនៅនាទី៣៩ នៅពេលមានបញ្ហាសាច់ដុំដែលមិនអាចបន្តការប្រកួតទៀតបាន។ Pogba នឹងខកខានជួយ Man Utd ប្រកួតទល់នឹង West Ham United ក្នុងជុំទី៥ នៃពាន FA Cup នៅរាត្រីថ្ងៃអង្គារនេះ និងទំនងអវត្តមានទាំងពីរជើងនៅ UEFA Euiopa League វគ្ក ៣២ក្រុមចុងក្រោយដែលត្រូវប៉ះ Real Sociedad របស់អេស្ប៉ាញនៅថ្ងៃទី១៨ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកចាត់ការទូទៅ Manchester United លោក Ole Gunnar Solskjaer បានថ្លែងប្រាប់គេហទំព័រក្លិបដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «បញ្ហារបួសរបស់ Paul ត្រូវការយ៉ាងតិចក៏ ២ទៅ៣សប្តាហ៍ ដើម្បីព្យាបាលដែរ។ យើងមិនគិតថា មានហានិភ័យខ្លាំងនោះទេ ដ្បិតរូបគេជាកីឡាករសំខាន់ ១រូបក្នុងក្រុម»។

គួរបញ្ជាក់ផងថា Paul Pogba ជាកីឡាករស៊ុតគ្រាប់ជ័យជម្នះឲ្យ Manchester United ក្នុងការប្រកួតទល់នឹង Burnley និង Fulham នៅ Premier League ដែលធ្វើឲ្យរូបគេឈ្នះពានកីឡាករលេងល្អក្នុងក្លិបប្រចាំខែមករាថែមទៀតផង៕