(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla នៅថ្ងៃចន្ទនេះ បានវិនិយោគជាថវិកាប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក នៅក្នុងហិរញ្ញវត្ថុឌីជីថល Bitcoin ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនផ្សេងៗដែលមានបំណងចង់ទិញរថយន្ត តាមរយៈ Bitcoin។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tesla ការវិនិយោគនេះជាគឺជាផ្នែកមួយនៃគោលការណ៍របស់ខ្លួនក្នុងការធ្វើឱ្យទូលំទូលាយ និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ឬអាចនិយាយបានថា វាជាទង្វើមួយដែលប្លែកពីគេ ក្នុងគោលដៅពង្រីកប្រាក់ចំណេញឱ្យបានជាអតិបរមា។

ក្រុមហ៊ុនផលិរថយន្តអគ្គិសនីមួយនេះ បានរំពឹងថា នឹងចាប់ផ្តើមទទួលយកការបង់ប្រាក់ជា Bitcoin សម្រាប់ការទិញរថយន្ត និងផលិតដទៃទៀតរបស់ខ្លួន នៅពេលឆាប់ៗខាងមុខ។ មានន័យថា គោលដៅរបស់ Tesla គឺចង់បង្កើតប្រាក់ចំណូល ក៏ដូចជាតួលេខនៃ ការលក់ រថយន្តរបស់ខ្លួនឱ្យបានខ្ពស់ និង ផ្ដល់នូវវិធីសាស្ត្រនៃការបង់ប្រាក់ឱ្យបានច្រើនរបៀប ដូច្នេះសម្រាប់អ្នកចាយលុយ Bitcoin ក៏អាចទិញរថយន្តរបស់ក្រុមហ៊ុន Tesla បានដែរ។

បន្ទាប់ពីក្រុមហ៊ុន Tesla បានសម្រេចចិត្តវិនិយោគនេះ បានធ្វើឱ្យហិរញ្ញវត្ថុឌីជីថល Bitcoin បានកើនឡើងតម្លៃ នៅក្នុងកំណត់ត្រាថ្មី រហូតលើស ៤៤,០០០ដុល្លារ ក្នុងមួយ Bitcoin៕