(ដូហា)៖ Bayern Munich ដែលជាជើងឯកមកពីទ្វីបអឺរ៉ុប UEFA Champions League បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FIFA Club World Cup 2020 ក្រោយយកឈ្នះ Al Ahly របស់ប្រទេសអេហ្ស៊ីបក្នុងលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃរាត្រីថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Doha ប្រទេសកាតា ជាទីតាំងធ្វើម្ចាស់ផ្ទះ World Cup 2022 ផងនោះ ក្រុមខា្លរខិន Bayern Munich របស់អាល្លឺម៉ង់ឈរចាំប្រកួតក្នុងវគ្គ ៤ក្រុមជាស្រេចនៅពេល Al Ahly បានយកឈ្នះ Al Dhuhail ក្នុងលទ្ធផល ១-០ ដើម្បីឡើងមកជួបក្រុមខ្លាំង Bayern។

កីឡាករខ្សែប្រយុទ្ធសំខាន់ Robert Lewandowski រកបានទាំងពីរគ្រាប់ម្នាក់ឯងនៅនាទី១៧ និងនាទី៨៥ ពីការបញ្ជូនរបស់ Serge Gnabry និង Leroy Sane ដើម្បីឡើងទៅប៉ះ Tigres របស់មិចសិចនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ដើម្បីប្រជែងយកពាន FIFA Club World Cup 2020 ដែលត្រូវបានពន្យារពេលកាលពីចុងឆ្នាំទៅ ដោយសារតែវិបត្តិជំងឹ Covid-19។

Tigres ក៏បានយកឈ្នះ ១-០ ទៅលើក្រុម Palmeiras របស់ប្រេស៊ីល ដែលជាជើងឯកមកពីតំបន់អាមេរិកឡាទីន នៃវគ្គ ៤ក្រុមផងដែរ៕