(ភ្នំពេញ)៖ លោក មាស សំអឿន គ្រូបង្វឹកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានបង្ហាញនូវការពេញចិត្ត ចំពោះទម្រង់លេង និងការខិតខំរបស់កូនក្រុម ដែលធ្វើបានល្អស្របតាមផែនការរបស់ខ្លួន ដ្បិតពួកគេបានរងបរាជ័យ ៣ប្រកួតជាប់គ្នា ក្នុងការប្រកួតពានរង្វាន់ Cambodia Airways Cup 2021 នៅទឹកដីបឹងកេតក៏ដោយ។

អតីតគ្រូបង្វឹកក្រុមបៀលប្រាយយូណាយធីតខាងលើបានបញ្ជាក់ថា ឆ្លងកាត់ការប្រកួតក្នុងពានលក្ខណៈមិត្តភាព Pre-Season នេះ កូនក្រុមរបស់ខ្លួន ធ្វើបានយ៉ាងល្អ ទោះបីមានចំណុចខ្វះខាតខ្លះ តែនៅសល់រយៈពេលជិត ១ខែទៀត មុនលីគកំពូលកម្ពុជា រដូវកាលថ្មីចាប់ផ្ដើម លោករំពឹងថា ពួកគនឹងធ្វើបានកាន់តែល្អ។

លោក មាស សំអឿន និយាយថា «និយាយទៅ Plan ក្នុងឆ្នាំនេះ ដែលខ្ញុំធ្វើនេះ ខ្ញុំគិតថា ខ្ញុំធ្វើបានល្អ ហើយដូចបំណង ដែលខ្ញុំចង់បាន។ ពេលវេលានៅជិត ១ខែទៀត មុនលីគចាប់ផ្ដើម ហើយពួកខ្ញុំនឹងមានការប្រកួតមួយទៀត នៅព្រៃវែង ថ្ងៃទី១៨-២០ ខែកុម្ភៈ។ ខ្ញុំជឿជាក់ថា កីឡាករក្មេងៗរបស់ខ្ញុំ នឹងធ្វើការបានល្អជាងហ្នឹង។ ខ្ញុំសប្បាយចិត្ត ដោយសារក្មេងៗ លេងត្រូវក្នុងបំណងដែលខ្ញុំចង់បាននេះហើយ»

គួរបញ្ជាក់ថា អគ្គិសនីកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតពានរង្វាន់ Cambodia Airways Cup 2021 ហើយ ដោយលទ្ធផលរួមមានចាញ់ក្រុមអាស៊ីអឺរ៉ុប ៣-២ ចាញ់ក្រុមបឹងកេត ២-១ និងចុងក្រោយចាញ់ក្រុមនគរបាលជាតិ ២-១ នៅកីឡដ្ឋាន Cambodia Airways កាលពីម្សិលមិញ ដែលនាំឲ្យអគ្គិសនីកម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ខណៈលេខ១ បានទៅក្រុមនគរបាលជាតិ។ រីឯលេខ២ និងលេខ៣ ត្រូវប្រកួតកាត់សេចក្ដីល្ងាចនេះ រវាងក្រុមបឹងកេត និងក្រុមអាស៊ីអឺរ៉ុប៕