(អាមេរិក)៖ ក្រោយពីកម្មវិធី WhatsApp ប្រកាសផ្លាស់ប្ដូរគោលការណ៍ថ្មី ដោយតម្រូវឱ្យអតិថិជនធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ជាមួយ នឹង Facebook ស្រាប់តែអ្នកប្រើប្រាស់បានប្ដូរទៅប្រើ Telegram ជំនួសវិញ ដោយបានធ្វើឱ្យតួលេខនៃការទាញយកកម្មវិធី Telegram កើនឡើងខ្ពស់លើសពីការស្មាន។

យោងតាមការចេញផ្សាយរបស់ស្ថាប័នស្រាវជា្រវ និងវិភាគ Sensor Tower នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា កម្មវិធី Telegram មានការទាញយកច្រើនជាងបំផុតនៅក្នុងខែមករា ឆ្នាំ២០២១ ដោយមានចំនួន ៦៣លានដង ហើយប្រទេសដែលទាញយកច្រើន ជាងគេនោះគឺឥណ្ឌា ដោយមាន ២៤ភាគរយនៃចំនួនអ្នកទាញយកថ្មីសរុប ខណៈដែលឥណ្ឌូនេស៊ីឈរនៅលេខរៀងទី២។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២១ កម្មវិធី Telegram មានអ្នកប្រើប្រាស់ជាប្រចាំកើនឡើងដល់ ៥០០លាននាក់ និងបានបន្ថែមមុខងារថ្មី ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Move សារដែលមាននៅលើកម្មវិធីផ្សេងៗដូចជា WhateApp, Line និង KakaoTalk មកកាន់ខ្លួនបានដោយងាយស្រួល មិនថាសារនោះជាអក្សរ រូបភាព សំឡេង ឬវីដេអូនោះទេ ពោលគឺអាចផ្ទេរមកកាន់ Telegram បានដោយមិនចាំបាច់ព្រួយបារម្ភពីទំហំនៃការរក្សាឡើយ៕