(ភ្នំពេញ)៖ ក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា ក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាសរៀបចំពានរង្វាន់លក្ខណៈមិត្តភាពបើករដូវកាលថ្មី Preyveng Pre-Season Cup 2021 នាថ្ងៃទី១៨-២០ ខែកុម្ភៈខាងមុខ នៅកីឡដ្ឋានខេត្តព្រៃវែងតែមួយគត់។

យោងតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ក្រុមជើងឯកលីគទី២ កម្ពុជា ឆ្នាំ២០២០ ក្រុមដែលត្រូវចូលរួមប្រកួតពានរង្វាន់មិត្តភាពខាងលើរួមមានក្លិបកីឡាបាល់ទាត់វិសាខា ក្លិបអគ្គិសនីកម្ពុជា ក្លិបគិរីវង់សុខសែនជ័យ និងក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង។

នេះគឺជាពានលក្ខណៈមិត្តភាព Pre-Season ទី៤ ហើយ ដែលក្លិបក្នុងស្រុកបានរៀបចំ ក្នុងគោលបំណងពង្រឹងសមត្ថភាព ផ្លាស់ប្ដូរបទពិសោធ និងរឹតចំណងមិត្តភាពរវាងក្រុមចូលរួម ដើម្បីត្រៀមរដូវកាលថ្មី ពិសេសក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្រុមក្មេងខ្ចីជាងគេ ទើបទទួលបានសិទ្ធិឡើងលេងលីគកំពូលកម្ពុជា លើកដំបូង ក្នុងរដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខនេះ។

រីឯពាន Pre-Season ៣ផ្សេងទៀតរួមមានពាន Siem Reap Charity Cup 2021 ប្រកួតពីថ្ងៃទី២០-២៤ ខែមករា នៅកីឡដ្ឋាន SRU គឺក្លិបវិសាខាលើកពាន។ ពាន Forward Pre-Season Cup 2021 ប្រកួតពីថ្ងៃទី០៥-០៧ ខែកុម្ភៈ នៅកីឡដ្ឋានព្រីនស៍ គឺក្លិបភ្នំពេញក្រោនលើកពាន និងពាន Cambodia Airways Cup 2021 នៅកីឡដ្ឋាន Cambodia Airways ប្រកួតពីថ្ងៃទី០២-០៩ ខែកុម្ភៈ គឺក្លិបនគរបាលជាតិលើកពាន តែនៅសល់ ១ប្រកួតទៀតនាល្ងាចថ្ងៃអង្គារនេះ៕