(ភ្នំពេញ)៖ ក្រុមហ៊ុន ThearaLeang បានរៀបចំសិក្ខាសិលាជួបជុំជជែកអំពីគ្រួសារ «បញ្ហា និងដំណោះស្រាយ» ដើម្បីជៀសវាងបញ្ហាបែកបាក់គ្រួសារ ហើយជីវិតគ្រួសាររស់នៅពោរពេញទៅដោយសុភមង្គលពេញលេញ ស្របពេលប្រទេសមានសុខសន្ដិភាព។

សិក្ខាសាលាជួបជុំជជែកអំពីគ្រួសារ «បញ្ហា និងដំណោះស្រាយ» នេះមានការចូលរួមពីអគ្គនាយិកាក្រុមហ៊ុន ThearaLeangCo.,LTD លោកស្រី លាង ធារ៉ា និងលោកឧកញ៉ា ឌី ជោត រួមទាំងសិក្ខាមជាច្រើនបានចូលរួមនៅភោជនីយដ្ឋានទន្លេបាសាក់២។

ក្នុងពិធីនេះ ក្នុងគោលបំណងបង្ហាញពីវិធីសាស្ត្របង្កើនសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារ វិធីសាស្ត្រពង្រឹងភាពជាដៃគូដឹកនាំខ្លួន និងគ្រួសាររបៀបគ្រប់គ្រង និងចាត់ចែងពេលវេលាប្រចាំថ្ងៃបទពិសោធន៍ នៃការរស់នៅបែបស្ត្រីសម័យថ្មីទទួលបានចំណេះដឹងថ្មីៗបន្ថែមជាច្រើនទៀត។

លោកស្រីបញ្ជាក់ថា ការរៀបចំនេះដោយទឹកចិត្ត និងបេះដូងស្ម័គ្រចិត្តចូលរួមចំណែកជួយទៅដល់អ្នកមានបញ្ហាក្នុងគ្រួសារ ដោយពន្យល់ឲ្យពួកគាត់ក្លាហានប្រឈមមុខដោះស្រាយបញ្ហាក្នុងគ្រួសារ និងចែករំលែកបទពិសោធន៍ ដែលមានជូនទៅដល់អ្នកដែលចូលរួម។

លោកស្រីបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះលោកស្រីក៏បានផ្តល់ជាកាដូដល់អ្នកចូលរួមផងដែរ ហើយថវិកាបានពីការលក់សំបុត្រយកទៅផ្គត់ផ្គង់កម្មវិធី មិនបានចំណេញអ្វីនោះទេ ផ្ទុយទៅវិញបែរជាចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតផងដែរ។

លោកស្រីបានប្រាប់ឲ្យដឹងថា «គោលបំណង គឺចង់ជួយដល់គ្រួសារដែលមិនយល់ពីគ្នា មិនចុះសម្រុងគ្នាទៅវិញទៅមក មានការយល់ច្រឡំគ្មាន អ្នកប្រឹក្សាល្អនៅជិតគួដោះស្រាយបែបណា ដើម្បីឲ្យជីវិតស្វាមីភរិយាអាចបន្តរស់នៅជាមួយគ្នាមានសុភមង្គល ជីវិតរៀបការត្រូវឆ្លងកាត់ឧបសគ្គបញ្ហាច្រើន ដែលយើងត្រូវរួមគ្នាដោះស្រាយ»

លោកស្រីបន្តថា ចង់ឲ្យមានវប្បធម៌បើកចិត្តទូលាយ ក្នុងការចែករំលែកពីបញ្ហាទាំងឡាយ ដែលគ្រួសារនីមួយៗកំពុងជួប ហើយមិនទាន់មានដំណោះស្រាយ។ បង្កើតឲ្យមានភាពក្លាហានក្នុងការសួរ និងឆ្លើយពីបញ្ហាដែលគ្រួសារខ្លួនកំពុងជួប។

លើកទឹកចិត្តដល់អ្នកមានជីវិតគូ និងមិនទាន់មានគូ អ្នកមានគ្រួសារហើយរកាំរកូសជាមួយគ្នា តែពេលពួកគាត់ចូលរួមហើយ គឺបានយល់ចិត្តគ្នាកាន់តែច្រើនពីជីវិត ក្នុងគ្រួសារឈ្លោះប្រកែកគ្នា ហើយបែរជាត្រូវគ្នាវិញ។

លោកស្រីបន្ថែមថា កន្លងមកពួកគាត់មានបញ្ហាហ្នឹង តែអត់មានអ្នកជួយផ្តល់យោបល់ដោះស្រាយ ឲ្យពួកគាត់ស្គាល់ពីតួនាទីរបស់ខ្លួនរហូត ដល់ធ្វើឲ្យពួកគាត់អាចឈានដល់លែងលះគ្នាក៏មាន ប៉ុន្តែនៅពេលពួកគាត់ចូលរួមក្នុងសិក្ខាសាលានេះ គឺបានយល់ច្រើនហើយមានស្វាមីភរិយាខ្លះឈ្លោះគ្នាស្ទើរតែលែងលះគ្នា ទៅហើយ តែដល់ពេលចូលរួមកម្មវិធីក៏ដឹងកំហុសរៀងៗខ្លួន សុំទោសគ្នាក៏ចាប់ផ្តើមជាមួយគ្នាវិញក៏មាន។

លោកបានរំលឹកថា ជាការពិតស្វាមីភរិយាខ្លះពួកគាត់មិនហ៊ានយករឿងគ្រួសារផ្ទាល់ខ្លួន ទៅនិយាយប្រាប់គេទេ សូម្បីតែគ្រួសារឪពុកម្តាយ ដោយសារតែខ្លាចខ្មាស់គេ មិនហ៊ានប្រឈមមុខកំហុស ឬបញ្ហាទាំងអស់នោះ តែនៅពេលពួកគាត់ចូលរួមកម្មវិធីសិក្ខាសាលាពួកគាត់ក្លាហានហ៊ាន យកបញ្ហាក្នុងគ្រួសារពួកគាត់មកសួ ហើយពួកគាត់ចង់ដឹងថាត្រូវធ្វើបែបណា ដើម្បីជីវិតគ្រួសារត្រឡប់មកល្អដូចថ្ងៃចាប់ផ្តើម៕