(កូរ៉េ)៖ ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK បានបំបែកកំណត់ត្រាថ្មីទៀតហើយ នៅលើបណ្តាញសង្គម YouTube សម្រាប់បទចម្រៀង «Kill This Love» របស់ពួកគេ ដោយកើនឡើងចំនួនអ្នកចូលទស្សនាយ៉ាងឆាប់រហ័ស ពោលគិតរហូតមកទល់នឹងពេលនេះ មានចំនួន ១.២ ពាន់លានដងទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមផលិតកម្ម YG បានឲ្យដឹងថា MV ចម្រៀង «Kill This Love» របស់ BLACKPINK មានចំនួនអ្នកចូលទស្សនាកើនឡើង ១.២ ពាន់លានដង នៅក្នុង YouTube នៅវេលាម៉ោង១២៖៣៨ នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

កំណត់ត្រាថ្មីនេះ បានធ្វើឲ្យក្រុម BLACKPINK ក្លាយជាក្រុមចម្រៀង K-POP ដំបូងគេដែលមានវីដេអូចម្រៀង ទទួលបានអ្នកចូលទស្សនាច្រើនរហូតដល់ ១.២ ពាន់លានដង នៃចម្រៀង «Kill This Love» ខណៈកំណត់ត្រានៃចម្រៀងដំបូងរបស់គេ គឺមានចំណងជើងថា «DDU-DU DDU-DU» បច្ចុប្បន្នមានចំនួនអ្នកចូលទស្សនាប្រមាណ ១.៤ ពាន់លានដងក្នុងយូធូប។

គួរជម្រាបថា បទ «Kill This Love» ដែលទើបបំបែកកំណត់ត្រាថ្មីនេះ ត្រូវបានបញ្ចេញកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១២ព្រឹក (ម៉ោងនៅកូរ៉េ) បានន័យថា វាមានរយៈពេល ១ឆ្នាំ និង១០ខែ ៤ថ្ងៃហើយ៕