(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី «ជិះកង់នៃក្ដីស្រលាញ់» នៅតំបន់ឆ្នេរ នាក្រុងព្រះសីហនុ នឹងមកដល់ចុងសប្ដាហ៍ហើយ ពោលគឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ខណៈគណៈកម្មការរៀបចំ បានអំពាវនាវដល់កីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋដែលមានបំណងចង់ចូលរួមប្រកួតប្រជែង ឬជិះកង់កម្សាន្ដ រួសរាន់ចុះឈ្មោះឲ្យបានទាន់ពេល ដ្បិតការប្រកួតសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា មកទល់ពេលនេះ អ្នកចុះឈ្មោះចូលរួមកម្មវិធី «ជិះកង់នៃក្តីស្រឡាញ់» ប្រមាណ ២០០នាក់ហើយ តែលោកបានអំពាវនាវឲ្យអ្នកនិយមលេងកីឡាជិះកង់នេះ រួសរាន់ចុះឈ្មោះឲ្យបានកាន់តែច្រើន និងទាន់ពេលវេលា ដើម្បីងាយស្រួលដល់គណៈកម្មការក្នុងការរៀបចំ ពិសេសសម្រាប់កម្មវិធីបោះតង់ នៅតំបន់ឆ្នេរអូរឈើទាល។

លោកបន្ដថា កម្មវិធី «ជិះកង់នៃក្ដីស្រលាញ់» រៀបចំឡើង ដើម្បីបង្ហាញសក្ដានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្ដាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍ធម្មជាតិ ដែលកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនដ៏ខ្លាំងក្លា នៅក្រុងព្រះសីហនុ។ ម្យ៉ាងក៏ដើម្បីចូលរួមផ្លាស់ប្ដូរឥរិយាបទក្នុងស្រទាប់យុវវ័យ នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤-កុម្ភៈ ដែលមានយុវជនមួយចំនួនតូច មានការយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះផងដែរ។

លោកសង្កត់ធ្ងន់ថា «អត្ថន័យ និងខ្លឹមសារពិត សម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ គឺសំដៅលើការគោរពស្រឡាញ់ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្រ្ត មិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ»។ ដូច្នេះតាមរយៈកម្មវិធីនេះ នឹងជំរុញឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។

ទន្ទឹមជាមួយគ្នាលោក សែម ផល្លា នាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ បានបញ្ជាក់ថា សម្រាប់ទីតាំងចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺមាន ៣ទីតាំង ទី១-នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទី២-នៅក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ79C, ផ្លូវ 155, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទី៣ គឺនៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ខណៈការទទួលពាក្យ នឹងបន្ដរហូតដល់ថ្ងៃប្រកួតតែម្ដង។

កម្មវិធីនេះរៀបចំដោយ NOCC និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយកំណត់វិញ្ញាសាប្រកួតចំនួន៣ គឺមានវិញ្ញាសាប្រណាំងកង់ភ្នំចម្ងាយ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។ វិញ្ញាសាជិះកង់កម្សាន្ដឆ្នេរសមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រិះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ និងវិញ្ញាសាជិះកង់កម្សាន្ដគ្រួសារចម្ងាយ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ៕