(ភ្នំពេញ)៖ ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មី របស់ផលិតកម្ម GalaxyNavatra បទ «មាន់កម្សត់» ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទលីម៉ា បានក្លាយជាបទចម្រៀងមួយ កំពុងតែទទួលបានគាំទ្រច្រើន ដោយគិតមកដល់ថ្ងៃនេះមានអ្នក Views ជាច្រើនលានដង ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ អ្វីដែលជាការចាប់អារម្មណ៍ ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំ របស់កំពូលតារាចម្រៀងទាំងពីរ ប្រិយមិត្តមានចាប់អារម្មណ៍ លើទេសភាពនៃតំបន់ទេសចរណ៍ ក្នុងវីដេអូបទចម្រៀងនោះដែរឬទេថា តើថតនៅទីតាំងណា?

ទឹកជ្រោះដ៍ស្រស់ស្អាតក្នុងវីដេអូ ដែលប្រិយមិត្តបានឃើញនោះ គឺមានឈ្មោះថា «ទឹកជ្រោះ៧ជាន់អូរស៊ីនលែរ» ស្ថិតក្នុងតំបន់ព្រៃភ្នំ ជំរុំបីស្រុក (ស្រុកលំផាត់) ដែលមានចំងាយ២២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី។

ជារឿយៗគេតែងឃើញផលិតកម្ម GalaxyNavatra បានចុះថត MV របស់ខ្លួន នៅរមណីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីចែកជូនអ្នកគាំទ្របានទស្សនា នូវទេសភាពស្អាតៗ។ ជាក់ស្ដែងក្នុងចំណោមអាល់ប៊ុមចូលឆ្នាំថ្មីនេះ ទេសភាពធម្មជាតិល្បីៗជាច្រើន ក្នុងប្រទេសកម្ពុជា ត្រូវបានផលិតកម្មបញ្ជូនក្រុមផលិត ចុះថតហើយពេលខ្លះថែមទាំងប្រើយន្តហោះ ដឹកតួចុះទៅថតដោយផ្ទាល់ក៏មាន។

តាមការឲ្យពីក្រុមអ្នកថតរបស់ផលិតកម្ម GalaxyNavatra បទ «មាន់កម្សត់» ត្រូវបានថត២ទីតាំង មានទី១ គឺ«ទឹកជ្រោះ៧ជាន់អូរស៊ីនលែរ» និងទី២ គឺលើរីស៊តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅម្ដុំបឹងយក្សឡោមតែម្ដង។

ដើម្បីឲ្យស្គាល់កាន់តែច្បាស់ តោះ!ទៅទស្សនាបទ «មាន់កម្សត់» នេះទាំងអស់គ្នា៖