(អាមេរិក)៖ ការលក់ទូរស័ព្ទ iPhone 12 mini នៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន Apple Inc បានត្រឹមតែ៥ភាគរយប៉ុណ្ណោះ ក្នុងចំនួនការលក់សរុបនៃទូរស័ព្ទថ្មីរបស់ខ្លួន នៅអំឡុងពេលពាក់កណ្តាលខែមករា ឆ្នាំ២០២១នេះ, នេះបើតាមទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុន Counterpoint នាថ្ងៃអង្គារនេះ, ក្រុមហ៊ុនបន្ថែមថា នេះគឺជាសញ្ញាថា មានតម្រូវការតិច ចំពោះទូរស័ព្ទម៉ូឌែលថ្មី ដែលមានទំហំតូច, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន បានផ្លាស់ប្តូរទៅប្រើទូរស័ព្ទដែលមានទំហំធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពួកគេចូលចិត្តទស្សនាមាតិកាវីដេអូ នៅលើទម្រង់ប្រព័ន្ធផ្សព្វផ្សាយដូចជា ៖ Facebook, Instagram, Tiktok និង Snapchat ជាដើម។

លោក William Yang អ្នកវិភាគមកពីក្រុមហ៊ុន J.P. Morgan បានបញ្ជាក់កាលពីសប្តាហ៍មុនថា តម្រូវការតិចទៅលើទូរស័ព្ទទំហំតូច iPhone 12 និង 12 mini អាចនាំឲ្យក្រុមហ៊ុន Apple បញ្ឈប់ការផលិតទូរស័ព្ទទំហំតូច នៅត្រីមាសទី២ឆ្នាំនេះ។

ក្រុមហ៊ុន Apple បានចេញទូរស័ព្ទទំហំតូច នៃម៉ូឌែល iPhone 12 កាលពីឆ្នាំមុន, ប៉ុន្តែតម្រូវការទូរស័ព្ទស្មាតហ្វូនទំហំតូច ហាក់មានកម្រិតទាប បើធៀបនឹងម៉ូឌែលខ្ពស់បំផុត iPhone 12 Pros និងម៉ូឌែលចាស់ iPhone 11s៕