(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ នឹងធ្វើការប្រកួតវគ្គខ្វែង ៤ក្រុមចុងក្រោយ ឬវគ្គ Play-Off នាថ្ងៃទី១៤ ខែកុម្ភៈចុងសប្ដាហ៍នេះហើយ ដោយក្រុមឈរលេខ៣ ត្រូវជួបក្រុមឈរលេខ៤ ពោលគឺក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំង ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តបាត់ដំបង។
ដំបូងឡើយការប្រកួតនេះ គ្រោងធ្វើតាំងពីថ្ងៃទី០៧ ខែកុម្ភៈមកម្ល៉េះ តែដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចង់ឲ្យក្រុមនីមួយៗ មានពេលសម្រាកបានគ្រប់គ្រាន់ ដើម្បីត្រៀមការប្រកួតវគ្គដ៏សំខាន់នេះ សហព័ន្ធក៏សម្រេចពន្យារពេលការប្រកួត ១សប្ដាហ៍ដោយលើកមកប្រកួត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះវិញ។
ចំពោះការប្រកួតរវាងខេត្តបាត់ដំបង និងព្រះខ័នរាជស្វាយរៀងនេះ បើក្រុមណាទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមឈរលេខរៀងទី២ គឺភ្នំពេញក្រោន។ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាកាលពីវគ្គសន្សំពិន្ទុម្ដងរួចមកហើយ ដោយបាត់ដំបង បានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៤-៣។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមណាទទួលបានជ័យជម្នះ នឹងត្រូវឡើងមកវគ្គផ្ដាច់ព្រ័ត្រដោយត្រូវជួបក្រុមកំពូលតារាង គឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏។ ប៉ុន្ដែកាលបរិច្ឆេទនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បញ្ជាក់នោះទេ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រើសជាតិឯកបាល់ទាត់នារី ឬលីគនារី ឆ្នាំ២០២០ បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ១ជុំ ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ បានឈរកំពូលតារាង ដោយរកបាន ២៤ពិន្ទុ ខណៈភ្នំពេញក្រោន ឈរលេខ២ មាន ២៣ពិន្ទុ។ រីឯខេត្តបាត់ដំបង និងព្រះខ័នរាជស្វាយរៀង ដែលឈរលេខ៣ និងលេខ៤ គឺរកបាន ១៩ពិន្ទុស្មើគ្នា៕