(ភ្នំពេញ)៖ ដូចការគ្រោងទុក ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី១៦ ខែកុម្ភៈ ដើមសប្ដាហ៍ក្រោយនេះហើយ ដោយមានក្រុមតំណាងរាជធានី-ខេត្តសរុប ២១ក្រុមចូលរួម។
ចំពោះបេក្ខភាពចូលរួមទាំង ២១ក្រុមត្រូវបានចែងចែកជា ៦ពូលដើម្បីធ្វើការប្រកួតជម្រុះ និងស្វែងរកក្រុមខ្លាំង តាមពូលនីមួយៗឡើងវគ្គបន្ដ ក្នុងនោះពូល A មានរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ខណៈពូល B មានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
ចំណែកពូល C មានខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ ពូល D មានខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។ ពូល E មានខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប និងពូល F មានខេត្តរតនគិរី ខេត្តព្រះវិហារ និងអតីតក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំ។
សម្រាប់ការប្រកួតពានថ្នាក់ខេត្តនេះដែរ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៦ ខែមិថុនា មុនបន្ដការប្រកួតពានថ្នាក់ជាតិ ចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កាលពីឆ្នាំ២០២០ កន្លងទៅ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ គឺខេត្តព្រៃវែង បានគ្រងជើងឯកពានថ្នាក់ខេត្ត ខណៈក្រុមវិសាខា គឺបានគ្រងជើងឯកពានថ្នាក់ជាតិ៕