(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) គ្រោងចំណាយថវិកាប្រមាណ ១លានដុល្លារសម្រាប់ធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៃកីឡដ្ឋានស្ដាតចាស់ ពិសេសវេទិកា និងកន្លែងអង្គុយ ដែលគ្រោងធ្វើការវ៉ៃចោល ហើយសាងសង់ឡើងវិញទាំងស្រុង។
លោក ខូវ ឆាយ អគ្គលេខាធិការក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យនេះបានបង្ហើបថា ផែនការនេះ អាចនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីទទួលបានភ្លើងខៀវពីថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដើម្បីជំរុញការកែលម្អកីឡដ្ឋានមានអាយុកាលជាង ១០០ឆ្នាំនេះឲ្យកាន់តែស្រស់ស្អាតថែមទៀត។
អគ្គលេខាធិការខាងលើបានបញ្ជាក់ថា «ផែនការរបស់ប្រធានសមាគម ក៏ដូចជាថ្នាក់ដឹកនាំសមាគម និងមជ្ឈមណ្ឌលកីឡាកយោធពលខេមរភូមិន្ទ យើងមានផែនការឡើងវិញទាំងស្រុងតែម្ដង អាចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ គឺផែនការយើង នឹងវ៉ៃចោលវេទិកា និងកន្លែងអង្គុយអីហ្នឹង ហើយយើងនឹងសាងសង់ឡើងវិញទាំងស្រុង ដែលចំណាយថវិកាដល់ទៅខ្ទង់ ១លានដុល្លារ»។
ការបង្ហើបព័ត៌មាននេះ បន្ទាប់ពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានចាប់ផ្ដើមធ្វើការឈូសឆាយ ដើម្បីផ្លាស់ប្ដូរស្មៅ និងប្រព័ន្ធទឹក នៅកីឡដ្ឋានស្ដាតចាស់កាលពីពេលថ្មីៗ ដែលគ្រោងនឹងបញ្ចប់នាខែមិថុនាខាងមុខ ដោយគ្រោងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដើម្បីត្រៀមស្វាគមន៍ជាថ្មីនៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ ខាងមុខ៕