(អាមេរិក)៖ ក្រុមហ៊ុនផលិតហ្គេមដ៏ល្បី និងធំលំដាប់ពិភពលោក Electronic Arts (EA) បានប្រកាសទិញយកក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទ ដៃ Glu Mobile ក្នុងតម្លៃ ២.៤ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទីផ្សារហ្គេមទូរស័ព្ទដៃ និងបង្កើនប្រាក់ចំណូល។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
EA ត្រូវបានគេដឹងជាក្រុមហ៊ុនផលិតហ្គេមដ៏ល្បីសម្រាប់លេងនៅលើកុំព្យូទ័រ និងឧបករណ៍ហ្គេមផ្សេងៗ ហើយក៏មានហ្គេមសម្រាប់ ទូរស័ព្ទដៃ ផងដែរ ប៉ុន្តែ Glu Mobile វិញ ជាក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទដៃដ៏ល្បី ហើយមកដល់បច្ចុប្បន្នមានហ្គេមប្រមាណជា ៥០០ ត្រូវបានបង្កើ ត ឡើង និងដាក់ឱ្យដំណើរការ ជាពិសេសគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះវាជាហ្គេមបែបកម្សាន្តសប្បាយៗ និងផ្ដល់ចំណេះដឹង។
លោក Andrew Wilson នាយកប្រតិបត្តិក្រុមហ៊ុន EA បានថ្លែងថា បច្ចុប្បន្នការប្រើប្រាស់ទូរស័ព្ទដៃបានកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺ ការលេងហ្គេមនៅលើ ទូរស័ព្ទដៃក៏កំពុងតែពេញនិយមផងដែរ ហើយការសម្រេចចិត្តទិញក្រុមហ៊ុន Glu Mobile គឺមកពីយើងទាំងពីរមាន ទិសដៅ និងចក្ខុវិស័យដូចគ្នា ដូច្នេះយើងនឹងពង្រីកទីផ្សារហ្គេមសម្រាប់ទូរស័ព្ទដៃឱ្យកាន់តែទូលំទូលាយ និងអស្ចារ្យជាងមុន។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន EA រកប្រាក់ចំណូលបាន ៥.៥ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជុំវិញពិភពលោក ប្រមាណ ៩,៨០០នាក់៕