(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី ដែលមហាជនបានផ្ដល់រហស្សនាមថា ជាតារាស្រីសិចស៉ី មានដើមទ្រូវមូលក្បំ គួរជាទីទាក់ទាញនោះ នាពេលថ្មីៗនេះ ស្រាប់តែមានបុរសម្នាក់ Chat (ផ្ញើសារ) មកត្រង់ៗសុំធានាចិញ្ចឹម ឲ្យនាងរស់ស្រួល ដេកចាយលុយពេញៗដៃ ក្រោយពីឃើញនាងមានសម្រស់ស្រស់ស្អាត ទឹកមុខញញឹមមានមន្តស្នេហ៍។ តែយ៉ាងណា សំណើរសុំចិញ្ចឹមបែបផ្លូវកាត់មួយនេះ ត្រូវបាន រតនៈ ពិសី បដិសេធដោយសារអះអាងថា នាងមានស្វាមីរួចហើយ។
ជុំវិញព័ត៌មាននេះតារាសម្តែង និងជាម្ចាស់ហាងម៉ាស្សា រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា បុរសដែលនាងសុំមិនបញ្ចេញឈ្មោះរូបនោះ តែងតែ Chat មករំខាននាងជាច្រើនលើកជាច្រើនសារ ហើយស្ទើរតែរាល់ថ្ងៃ។ បើតាមដឹងបុរសម្នាក់នោះ ទើបតែលក់ដីបានលុបច្រើន ហើយឃើញនាងមានរូបសម្រស់ឆើតឆាយផងនោះ ក៏ស្រាប់តែចង់សុំស្នេហ៍ត្រង់ៗ តាមរយៈការ Chat ទៅបណ្តាញសង្គម Telelgram នាងផ្ទាល់។
តារាចម្រៀងចូលចិត្តលេងស្ទីលបែបយុវវ័យ រតនៈ ពិសី បានសង្កត់ធ្ងន់ថា ក្រៅពីសុំស្នេហ៍បុរសម្នាក់នោះបាន Chat មកជាហូរហែសុំធានាចិញ្ចឹមនាង ប៉ុន្តែត្រូវបាននាងបដិសេធ ដោយលើកហេតុផលថា នាងមានប្តីរួចហើយ។
យ៉ាងណាមិញ រតនៈ ពិសី មិនបានបញ្ជាក់បន្ថែមនោះទេថា តើពេលដែលនាងឆ្លើយបែបនេះ បុរសម្នាក់នោះមានប្រតិកម្មបែបណា ឬបន្តឆាតមកនាងទៀតក្នុងខ្លឹមសារដដែល ខណៈនេះគឺជាសារមួយរបស់នាង ក្នុងន័យសម្តែងការហួសចិត្ត ពេលមានបុរសម្នាក់ឆាតមកត្រង់ៗបែបនេះ។
បើគេនៅចាំមិនភ្លេច រតនៈ ពិសី មួយរយៈមុនបានទម្លាយថា នាងមានគូស្នេហ៍រួចហើយ គឺជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិកទៀតផង។ តារាស្រីរូបនេះក្រៅពីមានរូបសម្រស់ឆើតឆាយ គួរជាទីទាក់ទាញដល់បុរសៗទាំងឡាយហើយនោះ គឺជាអ្នកជំនួញម្នាក់ដ៏មានសមត្ថភាពផងដែរ ត្បិតជានារី តែបានបើកហាងម៉ាស្សា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
ជាក់ស្តែង ថ្មីៗនេះ នាងក៏ទើបតែទទួលបានលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ក្នុងការបើកជំនួញលក់អាហារបំប៉នសុខភាព នាំចូលពីសហរដ្ឋអាមេរិកផងដែរ៕