(កូរ៉េ)៖ កំពូលតារាចម្រៀងល្បីរបស់កូរ៉េ CL ដែលគេចាត់ទុកថាជាតារាស្រីមានសមត្ថភាពគ្មានគូប្រៀបនោះ នៅពេលនេះបាននឹងកំពុងមានទុក្ខជាខ្លាំង ខណៈម្តាយបង្កើតរបស់នាង បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងទាំងក្នុងនិងក្រៅប្រទេស ចូលរួមរំលែកទុក្ខគ្រប់ៗគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមក្រុមការងាររបស់តារាចម្រៀងស្រី CL បានឲ្យដឹងថា ម្តាយរបស់នាងឈ្មោះថា Hong Yoo Ra ដែលបច្ចុប្បន្នកំពុងរស់នៅបរទេស បានទទួលមរណភាពនាពេលថ្មីៗនេះដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៥៣ឆ្នាំ។
ក្រុមការងាររបស់ CL បន្តថា ពិធីបុណ្យសព្វរបស់ម្តាយតារាល្បីរូបនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែកុម្ភៈនេះ ជាពិសេសដោយសារបច្ចុប្បន្នមានវីរុសកូវីដ-១៩ ផងនោះ ពិធីបុណ្យសព្វនេះគឺមានកំណត់ចំនួនអ្នកចូលរួម ពោលគឺមានតែក្រុមគ្រួសារ និងមិត្តភ័ក្តស្និទ្ធស្នាលប៉ុណ្ណោះ។
ទន្ទឹមនឹងព័ត៌មានសោកសៅនេះផងដែរ មានអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនាង និងបានលើកទឹកចិត្តដល់ CL ឲ្យមានភាពរឹងមាំឡើងផងដែរ៕