(ខេត្តសានស៊ី ទីក្រុងថៃយ៉ាន)៖ លោក Ren Zhengfei ស្ថាបនិក Huawei បានថ្លែងថា នៅក្នុងសម័យកាលនៃបណ្តាញទំនាក់ទំនង 5G គោលដៅចម្បងរបស់ Huawei គឺការតភ្ជាប់បណ្តាញដើម្បីបម្រើដល់សហគ្រាសអាជីវកម្ម ក៏ដូចជាឧស្សហកម្មជាច្រើនដែលពុំបានស្វែងយល់ច្បាស់ពីមុនមករួមមានដូចជា៖ ព្រលានយន្តហោះ កំពង់ផែ ឧស្សហកម្មរុករករ៉ែធ្យូងថ្ម ឧស្សាហកម្មផលិតដែក និងដែកថែប ឧស្សហកម្ម ផលិតរថយន្ត និងការផលិតយន្តហោះជាដើម។
លោក Ren Zhengfei បានបញ្ជាក់ដូចនេះនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសផ្តល់បទសម្ភាសន៍ បន្ទាប់ពីពិធីបើកសម្ពោធមន្ទីពិសោធន៍នវានុវត្តភាពរ៉ែឆ្លាតវៃ នៅទីក្រុងថៃយ៉ាន។
លោក Ren Zhengfei បានបន្តថា នោះជាមូលហេតុដែល Huawei បានកសាងមន្ទីរពិសោធន៍រួមគ្នាដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការនៃឧស្សាហកម្មទាំងនេះ។ តួនាទី របស់ Huawei គឺដើម្បីជួយឧស្សាហកម្មធ្យូងថ្ម ក្នុងការកាត់បន្ថយបុគ្គលិក និងបង្កើនប្រតិបត្តិការដោយមិនប្រើប្រាស់មនុស្ស ឬស្វ័យប្រវត្តិដើម្បីធ្វើឱ្យការងាររបស់ពួកគេ មានសុវត្ថិភាពនិងមានប្រសិទ្ធិភាពបន្ថែមទៀត។ យើងនឹងធ្វើដូចនេះដោយជួយកាត់បន្ថយបុគ្គលិករុករករ៉ែដោយឆ្លាតវៃនេះចំនួន៦០%។ ដោយគាំទ្រឧស្សាហកម្មនេះ Huawei មិនត្រឹមតែអាចជួយអាជីវកម្មរបស់យើងផ្ទាល់ឱ្យរីកចម្រើននោះទេ វាក៏ជួយដល់ផលិតកម្មរបស់ឧស្សាហកម្មនេះឱ្យកាន់តែមានប្រសិទ្ធិភាព និងមានសុវត្ថិភាពជាងមុន។
លើសពីនេះទៅទៀត វាអាចជួយឱ្យកម្មករអណ្តូងរ៉ែធ្យូងថ្មទាំងនេះអាច «ស្លៀកពាក់ឈុតអាវធំនិងពាក់ក្រវាត់ក» ទៅកន្លែងធ្វើការបាន ក៏ដូចជាជួយជម្រុញឧស្សាហកម្ម គ្រឿងម៉ាស៊ីនរុករករ៉ែនៅទីក្រុង Shanxi ឱ្យកាន់តែអភិវឌ្ឍទៅមុខបន្ថែមទៀតផង។
លោក Ren Zhengfei បានគូសបញ្ជាក់ដែរថា ទោះបីការលក់ទូរស័ព្ទលំដាប់ខ្ពស់របស់Huawei ត្រូវបានថយចុះដោយសារតែខ្វះការផ្គត់ផ្គង់បន្ទះឈីប។ ប៉ុន្តែHuawei គាំទ្រការរីកចម្រើននៃទូរស័ព្ទ iPhone12 របស់ក្រុមហ៊ុន Apple ។ បច្ចេកវិទ្យា5G នៃទូរស័ព្ទ iPhone 12 មានល្បឿនទាញយករហូតដល់ចំនួន 1.82G ដែលធ្វើឲ្យ ទូរស័ព្ទនេះក្លាយជាទូរស័ព្ទល្អបំផុតនៅទូទាំងពិភពលោក។
អ្នកប្រើប្រាស់ឧបករណ៍លំដាប់ខ្ពស់ជាច្រើននៅអឺរ៉ុបចូលចិត្តប្រើប្រាស់ iPhone12 ហើយការប្រើប្រាស់នេះបានសបញ្ជាក់ថាដំណើរការកសាងបណ្តាញ 5G របស់ ក្រុមហ៊ុន Huawei ដំណើរការបានយ៉ាងល្អបំផុតនៅក្នុងទីក្រុងជាច្រើននៅជុំវិញពិភពលោករួមមានដូចជាទីក្រុង Berlin, Munich, Madrid, Zurich, Geneva, Amsterdam, Vienna, Barcelona, Seoul, Bangkok, Hong Kong, ទីក្រុង Riyadhជាដើម។
អ្នកនយោបាយអាមេរិកមួយចំនួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃបច្ចេកវិទ្យា 5G ទៅលើពិភពលោកទាំងមូល។ ដូចដែលលោកធ្លាប់បានសន្យាថានឹងផ្ទេរបច្ចេកវិទ្យា 5G ទាំងអស់របស់Huawei មិនត្រឹមតែផ្តល់នូវអាជ្ញាប័ណ្ណប៉ុណ្ណោះទេ ដរាបណាអាមេរិកស្នើសុំ នឹងផ្ទេរឱ្យគ្រប់យ៉ាងទាក់ទងពីប្រភពកម្មវិធី ប្រភពកូដ អាថ៌កំបាំងនានា រួមមានការរចនាផ្នែករឹង (hardware design) ជំនាញ know-how និងសូម្បីតែការរចនាបន្ទះឈីបផងដែរ។ ប៉ុន្តែមិនទាន់មានក្រុមហ៊ុនអាមេរិកណាមួយមករកដើម្បី ចរចារនោះទេ។
នៅពេលដែលបច្ចេកវិទ្យា AR និង VR ត្រូវបានដាក់ឱ្យប្រើប្រាស់ ពួកគេនឹងអាចមើលឃើញសារធាតុគីមីនៅក្នុងចង្ក្រានស្លដែកថែប នោះតាមរយៈពាក់វ៉ែនតាផ្ទាល់ នឹងមិន ចាំបាច់យកសម្ភារទាំងនោះចេញពីម៉ាស៊ីនសម្រាប់ធ្វើតេស្តដូចកាលពីមុនឡើយ ហើយការផលិតដែកថែបក៏នឹងមានប្រសិទ្ធិភាពល្អជាងមុន ហើយគុណភាពល្អ ជាងមុន ផងដែរ។ ដូច្នេះប្រតិបត្តិការមិនប្រើមនុស្សត្រូវបានធ្វើដោយជោគជ័យនៅក្នុងរោងចក្រដែកថែបមួយចំនួន ហើយវាងាយស្រួលក្នុងការប្រតិបត្តិការ ជាជាងនៅក្នុងការរុករក រ៉ែធ្យូងថ្មផ្ទាល់ផងដែរ៕