(ភ្នំពេញ)៖ បទ «រកស៊ីជាមួយយក្ស» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ដែលបានថតនៅទេសភាពស្អាតៗជាច្រើន នៅរមណីយដ្ឋានបឹងយក្សឡោមនោះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងក្នុងមួយសប្ដាហ៍សោះមានអ្នក Views ២លាន៣សែនដងទៅហើយ។
បច្ចុប្បន្នអាល់ប៊ុបរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និតារាចម្រៀងវ័យក្មេង តន់ ច័ន្ទស៊ីម៉ា កំពុងស្ទុះឡើង រហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះ គឺរាល់បទចម្រៀងនីមួយៗ កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅក្នុងប្រទេសកម្ពុជា ដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក។
ដោយឡែក សម្រាប់បទ «រកស៊ីជាមួយយក្ស» នេះ ក្រុមការងារផលិតកម្ម Galaxy Navatra បានទៅថតផ្តិតយកវីដេអូនៅបឹងយក្សឡោម នៃខេត្តរតនគិរី ។ បើនិយាយពីបឹងយក្សឡោម បងប្អូនពិតជាធ្លាប់ឮហើយ គឺជាបឹងដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ ហើយក៏ជារមណីយដ្ឋាន ដែលមានប្រជាប្រិយភាពមួយនៅក្នុងខេត្តរតនគិរីផងដែរ៕