(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងកាត់បន្ថយជាបណ្តោះអាសន្ន នូវមាតិកានយោបាយ ដែលបង្ហោះឡើងនៅលើ New Feeds សម្រាប់អ្នកប្រើប្រាស់មួយចំនួន នៅក្នុងប្រទេសកាណាដា ប្រេស៊ីល និងឥណ្ឌូនេស៊ី នៅក្នុងសប្តាហ៍នេះ និងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
នាយកប្រតិបត្តិ លោក Mark Zuckerberg បានឲ្យដឹងនៅក្នុងខែមករាថា លោកចង់ «បិទជាបណ្តោះអាសន្ន» នូវការសន្ទនាអំពីនយោបាយ នៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដោយសារ «ប្រជាជន
មិនចង់ឃើញការនិយាយពីនយោបាយ និងការប្រជែងគ្នា ស្តីពីនយោបាយ នៅលើសេវាកម្មរបស់យើងទេ»។
ការកាត់បន្ថយ មាតិកានយោបាយនេះ នឹងសម្គាល់ជំហានដំបូង ដើម្បីរិះរកវិធីផ្សេងៗ ក្នុងការដាក់ចំណាត់ថ្នាក់មាតិកា នៅក្នុងមតិព័ត៌មានរបស់ប្រជាជន ដោយប្រើសញ្ញាផ្សេងគ្នា និងយល់ពីការចង់បានរបស់ពួកគេ , នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន៕