(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហើបថា កីឡាករ-កីឡាការិនីជម្រើសជាតិជាង ១,០០០នាក់ បានទទួលសញ្ញាភ្លើងខៀវពីថ្នាក់ដឹកនាំ ក្នុងការទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ និងការត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ជុំវិញបញ្ហាកូវីដ-១៩ តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានស្នើឲ្យរាជរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវយកចិត្តទុកដាក់ និងឲ្យអាទិភាពលើកីឡាករ-កីឡាការិនី។ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ ក្នុងការផ្ដល់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនីផងដែរ។
លោកថា «ពេលនេះ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឬហៅកាត់ថា CAMSOC របស់យើង គឺបានទទួលអនុសាសន៍ណែនាំ និងបានទទួលសញ្ញាភ្លើងខៀវពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ថា នឹងផ្ដល់នូវការចាក់វ៉ាក់សាំងដំបូងនេះ ជូនដល់កីឡាករ-កីឡាការិនីរបស់យើងប្រហែលជាជាង ១ពាន់នាក់ ក្នុងកម្រិតនៃកីឡាករ-កីឡាការិនីជម្រើសជាតិ...»។
ក្នុងចំណោមកីឡាករ-កីឡាការិនីអាទិភាព ត្រូវទទួលវ៉ាក់សាំងខាងលើ គឺជាក្រុមពិសេស ដែលត្រូវបំពេញបេសកម្មសំខាន់ៗ ក្នុងឆ្នាំ២០២១ ដូចជាក្រុមត្រូវចូលរួមប្រកួតកីឡាអូឡាំពិក នាខែកក្កដា នៅប្រទេសជប៉ុន, ក្រុមត្រៀមចេញទៅហាត់នៅចិន កូរ៉េ និងជប៉ុន... ព្រមទាំងក្រុមធំ ដែលមានប្រតិភូ និងអត្តពលិក ត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ នេះ ។ លោក វ៉ាត់ ចំរើន បន្ថែម។
លោកសង្កត់ធ្ងន់ថា «បើយើងធ្វើការចាក់ឲ្យហើយពេលនេះ គឺយើងមានទំនុកចិត្តក្នុងខ្លួន ព្រោះការទទួលវ៉ាក់សាំងនេះ គឺជាប្រការមួយ ដែលជំរុញទឹកចិត្តឲ្យកីឡាករ-កីឡាការិនីមានទំនុកចិត្ត ក្នុងការអភិវឌ្ឍកម្លាំងកាយ និងបច្ចេកទេស ។ ដូច្នេះក្នុងនាមកីឡាករ-កីឡាការិនី ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ដូចជាសម្ដេចពិជ័យសេនា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពកីឡាករ-កីឡាការិនី»។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានឈ្មោះថា សីណូហ្វាម (Sinopharm) ហើយ កាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ បន្ទាប់ពីវ៉ាក់សាំងនេះ ត្រូវបានរដ្ឋាភិបាលចិន បញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី០៧-កុម្ភៈកន្លងទៅ ដែលមានចំនួន ៦០ម៉ឺនដូស ហើយកម្ពុជា បានប្រគល់វ៉ាក់សាំងនេះជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងក្រសួងសុខាភិបាលចំនួន ៣០ម៉ឺនដូស សម្រាប់ការតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន ៤ រួមមាន៖
១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕