(អាមេរិក)៖ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំលំដាប់ពិភពលោក «អូស្កា» ២០២១ នឹងធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះ តាមរយៈការផ្សាយផ្ទាល់ចេញពីតំបន់ផ្សេងៗគ្នា ពោលគឺអ្នកដែលនឹងចូលរួមនឹងធ្វើការ Live វីដេអូចេញពីផ្ទះរបស់ពួកគេរៀងៗខ្លួនតែម្តង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យ នៃព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscars បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ដោយសារតែពិភពលោកទាំងមូល កំពុងជួបនូវជំងឺរីករាតត្បាតសកលកូវីដ១៩ វិស័យឧស្សាហកម្មភាពយន្តបានរងផលប៉ះពាល់ជាខ្លាំង តែយ៉ាងណា ក្រុមការងារនៃកម្មវិធី ពានរង្វាន់ Oscars បានសម្រេចថា នឹងប្តេជ្ញារៀបចំកម្មវិធីនេះ សម្រាប់ឆ្នាំ២០២១ តាមរយៈអនឡាញតែម្តង ត្បិតដើម្បីអនុវត្តនិងគោរពតាមវិធានការសុខាភិបាល។
ដូច្នេះដើម្បីបង្កើននូវទស្សនីយភាពដល់ទស្សនិកជនជុំវិញពិភពលោក ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងតាមរយៈផ្សាយផ្ទាល់អនឡាញ ខណៈអ្នកចូលរួមគឺតម្រូវឲ្យធ្វើការ វីដេអូ Live មកពីទីតាំងផ្សេងៗគ្នា ដែលពួកគេរស់នៅ។
គួរជម្រាបថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscars គឺត្រូវបានពន្យារពេលជាច្រើនលើករួចមកហើយ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ១៩ ខណៈកន្លងទៅកម្មវិធីនេះ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយក៏ត្រូវលើកទៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១វិញម្តង៕