(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួន សម្រាប់ឆ្នាំ២០២១ នៅថ្ងៃសុក្រទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់ដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយអាចឱ្យអតិថិជនចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តនេះផងដែរ។

ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅនេះ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ និងពេញនិយមបំផុតមួយនៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះដោយក្នុងនោះមានជាទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម ដោយបានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្ស ទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ពលរដ្ឋដែលនិយមចូលចិត្តឱ្យបានទស្សនា។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ មានគោលបំណង ដើម្បីនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការកម្សាន្តជូនដល់អតិថិជនដែលខកខានមិនបានអញ្ជើញទៅទស្សនាកាលពីឆ្នាំកន្លងទៅដោយសារតែការផ្អាកដំណើរការ រោងភាពយន្ត និងការរឹតបន្តឹងចំពោះកម្មវិធីសម្តែងផ្ទាល់។ នេះជាមធ្យោបាយដ៏ល្អបំផុតមួយ ដែលអាចអនុវត្តទៅបានក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជន ហើយទន្ទឹមនឹងនោះក៏អាចប្រកាន់ខ្ជាប់ នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗផងដែរ។

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានរៀបចំឡើងដោយមានអមមកជាមួយនូវកម្មវិធីកម្សាន្តសប្បាយៗពេញមួយរាត្រី ពោលចាប់ផ្តើមដំបូងលោកអ្នកនឹង បានទស្សនាការសម្តែងសិល្បៈសៀកដ៏អស្ចារ្យរបស់ Phare Cambodian Circus ហើយបន្ទាប់មកក៏នឹងមានឱកាសបានជួបជាមួយ idol សែលកាត ជាច្រើនរូបទៀតដូចជា ប៊ុនឡេង រៀនថត ស្រីណា និងហេង វិសាលជាដើមផងដែរ។

ខ្សែភាពយន្តថៃរឿង Happy Single’s Day នឹងចាក់បញ្ចាំងចាប់ពីម៉ោង ៦៖៣០នាទីល្ងាចតទៅ នៅទីធ្លាខាងក្រៅលើកញ្ចក់អេក្រង់ខ្នាតយក្សទំហំ ១២ម៉ែត្រ គុណ ៧ម៉ែត្រ ដោយក្នុងនោះ លោកអ្នកក៏អាចរីករាយជាមួយអាហារសម្រន់ និងភេសជ្ជដ៏ឆ្ងាញ់ពិសារ ដែលបម្រើជូនដោយបុគ្គលិករបស់សណ្ឋាគារសូហ្វីតែលទៀតផង។

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរីសម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែបញ្ចូលទឹក ប្រាក់ទូរស័ព្ទ ៥ដុល្លារ នៅពេលអញ្ជើញមកដល់ជាការស្រេច។ ក្រុមហ៊ុនសែលកាត នឹងមានដំឡើងស្តង់នៅក្បែរច្រកចូល ដើម្បីជួយសម្រួលដល់ការបញ្ចូលទឹកប្រាក់ ក៏ដូចជាផ្តល់ជូនស៊ីមកាតថ្មី ដល់អ្នកដែលមិនទាន់បានក្លាយជាសមាជិក សែលកាត ដែលមានបំណងចង់ចូលរួមផងដែរ។ ដោយសារកន្លែងចូលរួមមានកំណត់ ដូច្នេះអ្នកដែលមានចំណាប់អារម្មណ៍ចង់ទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយទាំងអស់ គួរអញ្ជើញមកឱ្យបានមុនម៉ោង ៥៖៣០នាទីល្ងាច។

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានមោទនភាពបំផុតសម្រាប់ឱកាសចូលរួមគាំទ្រដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងកំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ ហើយក៏សូម ចូលរួមរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមគោលការណ៍សុខភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕