(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ រួចហើយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ ទន្ទឹមជាមួយគ្នា លោកក៏បានប្រាប់ឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ត្រៀមខ្លួនចាក់ទាំងអស់គ្នា នាពេលឆាប់ៗខាងមុខផងដែរ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែល បានញ្ជាក់ថា «ខ្ញុំបានចូលរួមទប់ស្កាត់ជំងឺ COVID-19 រួចរាល់លើកទី១ រង់ចាំ ១៤ថ្ងៃទៀត ទើបចាក់បង្រ្គប់លើកទី២។ មុនចាក់មានការពិគ្រោះយោបល់លើបញ្ហាសុខភាព ទើបអនុញ្ញាតឲ្យចាក់។ សេវាទទួលចាក់វ៉ាក់សាំងប្រពៃណាស់ សមរម្យ កក់ក្តៅ និងចាក់លឿនមិនឈឺ មិនដឹងថាចាក់ ប្រើពេលតែ ៤ ឬ ៥ វិនាទីប៉ុណ្ណោះ»

«សូមត្រៀមលក្ខណៈឲ្យកីឡាករ-កីឡាការិនី គ្រូបង្វឹកក្រុមជម្រើសជាតិ ត្រៀមចូលរួមចាក់ទាំងអស់គ្នា តាមការស្មគ្រ័ចិត្ត តែបើយកល្អពេទ្យពិនិត្យ ឬដឹងខ្លួនថាចាក់បាន គួរចាក់ឲ្យហើយ សម្រាប់កីឡាករ-កីឡាការិនី និងគ្រូ ត្រៀមហ្វឹកហាត់ប្រកួតក្រៅប្រទេស ពិសេសត្រៀមស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១ នេះ។ ចំពោះវេលាត្រូវចាក់ ខ្ញុំនឹងជម្រាបជូនឆាប់ៗខាងមុខនេះ»។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរបញ្ជាក់ថា មុនអ្នកជំនាញកីឡាខាងលើ បានទទួលការរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថ្ងៃនេះ លោកក៏បានបង្ហើបអំពីការបើកភ្លើងខៀវរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់វ៉ាក់សាំងដំបូងនេះ ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណជាង ១,០០០នាក់ ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ត្រៀមចូលរួមប្រកួតអន្ដរជាតិនានា និងការចេញទៅហាត់ក្រៅប្រទេស ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

ថ្ងៃនេះ គឺជាថ្ងៃទី២ ហើយ ដែលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ សីណូហ្វាម (Sinopharm) បន្ទាប់ពីវ៉ាក់សាំងនេះ ត្រូវបានរដ្ឋាភិបាលចិន បញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី០៧-កុម្ភៈកន្លងទៅ ដែលមានចំនួន ៦០ម៉ឺនដូស ហើយកម្ពុជា បានប្រគល់វ៉ាក់សាំងនេះជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងក្រសួងសុខាភិបាលចំនួន ៣០ម៉ឺនដូស សម្រាប់ប្រើការតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន ៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕