(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានរៀបចំនូវព្រឹត្តិការណ៍ជាផ្លូវការ និងប្រកាសដៃគូឧបត្ថម្ភថ្មី របស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺររដូវកាល ២០២១ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។

នៅក្នុងកម្មវិធីក៏មានវត្តមានរបស់លោក អេឡិន ថៃ ជាអគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា និង លោក គីយ៉ូណេ តាកាហ៊ីសា តំណាងខ្ពង់ខ្ពស់គណៈគ្រប់គ្រង ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រួមជាមួយការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនទាំងពីរ រួមទាំងកីឡាករផងដែរ។

កម្មវិធីប្រកាសដៃគូឧបត្ថម្ភថ្មីនេះ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចូលរួម ចំណែកក្នុងការលើកកម្ពស់នូវចំណេះដឹងព័ត៌មាន នៃផលិតផលធានារ៉ាប់រងអាយុជីវិត និងជម្រុញការថែទាំសុខភាពជូនប្រជាជនកម្ពុជាតាមរយៈ កីឡាបាល់ទាត់ ។

លោក អាឡិន ថៃ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាដៃគូឧបត្ថម្ភរយៈពេលវែងជាមួ យនឹង ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ ដែលជាក្លឹបបាល់ទាត់លេចធ្លោមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិស័យកីឡាបាត់ទាត់ គឺជាវិស័យមួយសម្រាប់បណ្តុះមនុស្សជំនាន់ក្រោយឲ្យក្លាយជាកីឡាករល្អដ៏មានប្រិយភាព។ តាមរយៈការឧបត្ថម្ភនេះយើងជឿជាក់ថា យើងនឹងអាចជួយដល់កីឡាករបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងកសាងនូវទំនាក់ទំនងល្អជាមួយសហគមន៍ដែលយើងកំពុងតែបម្រើការងារ»

បេសកម្មរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាគឺមានរយៈពេលវែង។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញសេចក្តីត្រូវការធានារ៉ាប់រងអាយុជីវិតរបស់ប្រជាជនកម្ពុជាជាមួយនឹងគម្រោងការការពារថ្មីនៅលើជំងឺធ្ងន់ធ្ងរ។ យើងពាក្យស្លាកឈ្មោះថ្មីមួយទៀតគឺ «នៅក្បែរអ្នកជានិច្ច សម្រាប់សុខភាព»

លោក គីយ៉ូណេ តាកាហ៊ីសា តំណាងខ្ពង់ខ្ពស់គណៈគ្រប់គ្រង ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា «វាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ! បាល់ទាត់ មិនត្រឹមជាប្រភេទកីឡាតែប៉ុណ្ណោះទេ ប៉ុន្តែកីឡា ជាជីវិតមួយផ្នែករបស់លោកអ្នកផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ក៏កំពុងគាំទ្រ និងផ្តល់ការការពារដល់ប្រជាជនផងដែរ ។ សូមអរគុណចំពោះភាពជាដៃគូឧបត្ថម្ភរបស់យើង ហើយសង្ឃឹមថាយើងអាចធ្វើអោយប្រជាជនកម្ពុជា មានសុភមង្គលស្រស់បំព្រង តាមរយៈកីឡា និងសុខភាព»៕