(ដូហា)៖ ក្រុមជើងឯកមកពីអឺរ៉ុប Bayern Munich បានគ្រប់គ្រងពានរង្វាន់ FIFA Club World Cup 2020 បន្ទាប់ពីយកឈ្នះគូប្រជែង Tigres ក្នុងលទ្ធផល ១-០ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុង Doha ប្រទេសកាតា។

កីឡាករខ្សែបម្រើអន្តរជាតិបារាំង Benjamin Pavard ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់ប៉ុណ្ណោះនៅនាទី៥៩ ពីការបញ្ជូនរបស់ Robert Lewandowski ដើម្បីជួយក្រុមអាល្លឺម៉ង់មួយនេះឈ្នះលើកទី៦ នៃរដូវកាលឆ្នាំ២០១៩-២០២០ ដែលពួកគេបានប្រមូលពានគ្រប់កម្រិតទាំងអស់ ស្ថិតក្រោមការបង្វឹករបស់លោក Hansi Flick ក្នុងរយៈពេល ៩ខែមកនេះ។

មួយវិញទៀត វាក៏ជាឆ្នាំទី៨ផងដែរ ដែលក្លិបមកពីទ្វីបអឺរ៉ុបឈ្នះពានកម្រិតអាជីព FIFA Club World Cup ជាប់ៗគ្នា គិតចាប់តាំងពីថ្ងៃបង្កើតមកព្រឹត្តិការណ៍នេះឡើង នៅពេលដែល Liverpool របស់អង់គ្លេសបានឈ្នះកាលពីឆ្នាំទៅ។

Tigres ដែលក្លិបមកពីប្រទេសមិចសិចផងនោះ បានក្លាយជាក្រុមដំបូងគេដែលមកពីតំបន់អាមេរិកខាងជើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានអន្តរទ្វីបមួយនេះ នៅពេលដែលអតីតខ្សែប្រយុទ្ធបារាំង Andre-Pierre Gignac មិនអាចរកគ្រាប់បន្ថែមលើសពី ៣គ្រាប់នៅកាតាបានឡើយ ដែលឈ្នះត្រឹមស្បែកជើងមាសប្រចាំយុទ្ធនាការជារៀងរាល់ឆ្នាំនេះ៕