(ហ្ស៊ូរិច)៖ បណ្តាញទំនាក់ទំនងសង្គម TikTok នឹងក្លាយជាម្ចាស់ឧបត្ថម្ភសកល សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប Euro 2020 ដែលរៀបចំឡើងវិញនាខែមិថុនា ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធ UEFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

កម្មវិធីចែករំលែកវីដេអូខ្លីៗដ៏មានប្រជាប្រិយភាពរបស់ចិន ដែលជាទម្រង់កម្មវិធីកម្សាន្តឌីជីថលដំបូងគេ ដែលនឹងក្លាយជាម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ UEFA ក៏មានសិទ្ធិឧបត្ថម្ភការផ្សាយ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផងដែរ។

ព្រឹតិ្តការណ៍ Euro 2020 ដែលមានក្រុមកីឡាករមកពី ២៤ប្រទេសចូលរួមនេះ ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០២០ គិតមកទល់ពេលនេះ មានរយៈពេល១២ខែហើយ ដោយសារតែការផ្ទុះឡើងនៃវីរ៉ុស COVID-19។

ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះនឹងត្រូវរៀបចំឡើងវិញចាប់ផ្តើមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងទីក្រុងចំនួន១២ នៅទូទាំងទ្វីបអឺរ៉ុបតែម្តង៕