(បរទេស)៖ ត្បិតតែឆ្នាំ ២០២០ ពិភពលោកទាំងមូលបានជួបនូវជំងឺរីករាលដាលកូវីដ-១៩ក្ដី ប៉ុន្តែយោងតាមរបាយការណ៍មួយបាន បង្ហាញឱ្យ ដឹងថា តួលេខនៃការលក់រថយន្តអគ្គិសនី នៅទូទាំងសកលលោកបានកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំ ២០១៩។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

របាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យ Canalys បានបង្ហាញថា ពេញមួយឆ្នាំ២០២០ តួលេខនៃការលក់រថយន្ត អគ្គិសនី នៅទូទាំងពិភពលោកមានចំនួន ៣.១លានគ្រឿង ដោយបានកើនឡើង ៣៩ភាគរយបើទៅនឹងឆ្នាំ២០១៩។ នៅក្នុងរបាយការណ៍ក៏បាន បញ្ជាក់ផងដែរថា ចំនួនរថយន្តអគ្គិសនី ដែលបានលក់នៅក្នុងឆ្នាំ២០២០ គឺស្មើនឹង ១៤ភាគរយនៃចំនួនរថយន្ត សរុបដែលបានលក់ ពេញ មួយ ឆ្នាំ។

ក្រុមហ៊ុន Canalys បានរំពឹងទុកថា នៅឆ្នាំ២០២៨ តួលេខនៃការលក់រថយន្តអគ្គិសនី នឹងកើនឡើងរហូតដល់ ៣០លានគ្រឿង ហើយនៅឆ្នាំ ២០៣០ ចំនួនលក់រថយន្តអគ្គិសនីនឹងកើនឡើងស្មើពាក់កណ្ដាលនៃរថយន្តសរុបដែលបានលក់នៅទូទាំងពិភពលោក ខណៈដែល នៅឆ្នាំ ២០២១នេះ តួលេខនៃការលក់រថយន្តអគ្គិសនី នឹងកើនឡើងដល់ ៥លានគ្រឿង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើននៅលើពិភពលោកបានងាកមកចាប់ផ្ដើមផលិតរថយន្តអគ្គិសនី វិញ ដើម្បីកាត់បន្ថយ ការបំភាយឧស្ម័នកាបូន និងដើម្បីរក្សាការបម្រែបម្រួលអាកាស៕