(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ហៅកាត់ ម.ធ.ត. និងក្រុមហ៊ុន Huawei Cambodia បានអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់បរិយាកាសសហប្រត្តិបត្តិការសម្រាប់នវានុវត្តជន ជាមួយជំនួយបច្ចេកទេសលើបច្ចេកវិទ្យា Cloud និងបញ្ញាសិប្បនិម្មិត (Artificial Intelligence) នៅប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងលោក Charles Che អគ្គនាយករងនៃក្រុមហ៊ុន Huawei Cambodia។ ក្រុមហ៊ុន Huawei មានគម្រោងផ្តល់ជំនួយបច្ចេកទេស រួមមាន បច្ចេកវិទ្យាក្លោដ (Cloud) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដើម្បីជួយសម្រួលការងារ និងគម្រោងរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក្នុងការអនុវត្តឌីជីថលភាវូបនីយកម្ម និងអភិវឌ្ឍ ដំណោះស្រាយលក្ខណៈបញ្ញាសិប្បនិម្មិតជូនដល់អ្នកប្រើប្រាស់។ ការចុះហត្ថលេខានេះ ក៏មានគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិ ដោយការធ្វើទស្សនកិច្ច និងការចែករំលែកព័ត៌មានទីផ្សារ និន្នាការឧស្សាហកម្ម បច្ចេកវិទ្យានវានុវត្តន៍ និងវប្បធម៌សាជីវកម្មទៅតាមតម្រូវការជាក់ស្ដែងផងដែរ។

លោក តាំង ងួនលី បានលើកឡើងថា មុនពេលធ្វើការចុះអនុស្សារណៈយោគយល់គ្នាផ្តោតលើបច្ចេកវិទ្យាក្លោដ និងបញ្ញាសិប្បនិម្មិតនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានធ្វើតេស្តសាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលមានបំពាក់លើបច្ចេកវិទ្យាសម្គាល់មុខ (Facial Recognition) របស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗផ្សេងទៀតរួចមកហើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងអាចឃើញយ៉ាងច្បាស់អំពីសមត្ថភាពបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Huawei ព្រោះបច្ចេកវិទ្យាសម្គាល់មុខរបស់ក្រុមហ៊ុនមួយនេះផ្តល់នូវលទ្ធផលបានត្រឹមត្រូវជាងគេ បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យាសម្គាល់មុខរបស់ក្រុមហ៊ុនផ្សេងៗ»

លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei បានដើរឈានមុខគេ ដោយសារតែបច្ចេកវិទ្យាសម្គាល់មុខនេះ មានបំពាក់នូវមុខងារ Face Liveness Detection។

លោក តាំង ងួនលី បានបន្ថែមទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Huawei នឹងជ្រោមជ្រែង ម.ធ.ត. ដោយធ្វើការផ្តល់ដំណោះស្រាយក្លោដ ដែលមានគុណភាពខ្ពស់ដល់បេក្ខជនក្នុងកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» ដើម្បីទទួលបាននូវឱកាសដ៏ល្អមួយក្នុងការសាកល្បង និងអភិវឌ្ឍសេវាជាការបញ្ជាក់គំនិត (Proof-Of-Concept) ឬផលិតផលដែលអាចទទួលបានអប្បបរមា (Minimum Viable Product)។

លើសពីនេះទៅទៀត ការផ្តល់ជំនួយផ្នែកបច្ចេកវិទ្យាជាក្លោដ ប្រព័ន្ធអ៉ីនធើណិតនៃបរិក្ខារ (Internet of Things) ទិន្នន័យធំ (Big Data) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបែបនេះនឹងអាចជួយបង្កើន និងពង្រីកសមត្ថភាព ព្រមទាំងជួយឱ្យផែនការរបស់ ម.ធ.ត. សម្រេចបានឆាប់រហ័សជាងផែនការដែលបានគ្រោងទុកផងដែរ។

លោក Charles Che បានលើកឡើងថា «យើងបានរកឃើញថា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍កំពុងត្រូវបានអនុវត្តនៅក្នុងឧស្សាហកម្មផ្សេងៗគ្នា ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវឌីជីថលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាក្លោដ។

លោកថា ធុរកិច្ចថ្មីដែលទើបនឹងបង្កើតឡើងក្នុងប្រទេសកម្ពុជាពោរពេញទៅដោយទឹកចិត្តមោះមុត និងគំនិតប្រកបដោយភាពច្នៃប្រឌិត។ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា បញ្ញាសិប្បនិម្មិតប្រព័ន្ធអ៉ីនធើណិតនៃបរិក្ខារ ទិន្នន័យធំ និងបច្ចេកវិទ្យា 5G បានផ្តល់នូវជម្រើសបច្ចេកទេស និងលទ្ធភាពកាន់តែច្រើនសម្រាប់យុវជន ដើម្បីទទួលបានជោគជ័យក្នុងភាពជាសហគ្រិន។ ក្រុមហ៊ុន Huawei បានបម្រើអតិថិជនកម្ពុជាអស់រយៈពេល ២១ ឆ្នាំហើយ។ ចក្ខុវិស័យសកល និងការធ្វើមូលដ្ឋានីយកម្មអាចបម្រើ និងជ្រោមជ្រែងធុរកិច្ចថ្មីឱ្យទទួលបានជោគជ័យកាន់តែលឿនក្នុងកម្រិតមួយដែលប្រសើរផងដែរ។

លោកថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយ ម.ធ.ត. ហើយជឿជាក់ថា ជាមួយនឹងការខិតខំរួមគ្នារបស់ភាគីទាំងពីរ បច្ចេកវិទ្យាថ្មីនឹងអាចត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ នេះគឺបច្ចេកវិទ្យាសម្រាប់ទាំងអស់គ្នា (Tech4all)»។

* អំពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»៖

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» គឺជាគ្រឹះស្ថានសាធារណរដ្ឋបាល ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម.ធ.ត. មានកាតព្វកិច្ចរបស់ខ្លួនក្នុងការពន្លឿនអាជីវកម្មធុរកិច្ចថ្មី ដោយបង្កើនសមត្ថភាពសហគ្រិនភាព និងនវានុវត្តន៍ តាមរយៈកម្មវិធី និងសេវាកម្មរបស់មជ្ឈមណ្ឌល (ហៅថា ម.ធ.ត.)។ បច្ចុប្បន្ន ម.ធ.ត. កំពុងដំណើរការកម្មវិធីនវានុវត្តន៍បញ្រ្ចាស ដែលជាកម្មវិធីមួយដែលនវានុវត្តជន និងក្រុមហ៊ុនឈានស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់សាជីវកម្មដែលបានលើកឡើង។ កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងច្រើនពីក្រុមហ៊ុនជាច្រើន ហើយក្រុមហ៊ុន Huawei ក៏ជាផ្នែកមួយនៃអ្នកគាំទ្រមិនមែនថវិកាផងដែរ។

* អំពីក្រុមហ៊ុន Huawei

HUAWEI TECHNOLOGIES (CAMBODIA) CO., LTD. គឺជាក្រុមហ៊ុនដែលបានដាក់បញ្ចូលក្នុងច្បាប់នៃប្រទេសកម្ពុជា ដោយមានការិយាល័យនៅជាន់ទី១៨ និងជាន់ទី១៩ ក្នុងអគារ Exchange Square, លេខទី ១A, ផ្លូវ ១០២ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ៕