(ញ៉ូវដេលី)៖ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យារបស់ឥណ្ឌាលោក Ravi Shankar Prasad បានព្រមានចំៗដល់បណ្ដាញសង្គម សហរដ្ឋអាមេរិកឱ្យ គោរពតាមច្បាប់របស់ប្រទេសខ្លួនផង ដែលការព្រមាននេះត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពេលមានការប៉ះទង្គិចគ្នារវាង ការិយាល័យ របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និង ក្រុមហ៊ុន Twitter ពាក់ព័ន្ធនឹងបទប្បញ្ញត្តិលើមាតិកាមួយចំនួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា លោល Ravi Shankar Prasad បានប្រាប់ទៅកាន់ បណ្ដាញសង្គម Twitter, Facebook , LinkedIn និង WhatsApp ថា ប្រទេសឥណ្ឌាស្វាគមន៍ចំពោះតែក្រុមហ៊ុនណាដែល គោរព និងអនុវត្តទៅតាម ច្បាប់ នៃប្រទេសតែប៉ុណ្ណោះ។

«អ្នកនឹងត្រូវគោរពតាមរដ្ឋធម្មនុញ្ញឥណ្ឌា អ្នកត្រូវតែគោរពតាមច្បាប់របស់ប្រទេសឥណ្ឌា»។ នេះជាសំដីរបស់លោក Prasad បានថ្លែង ជា សាធារណៈ និងផ្ញើជូនទៅកាន់ក្រុមហ៊ុនដែលជាបណ្ដាញសង្គមរបស់អាមេរិក ដែលមានឈ្មោះដូចខាងលើ។

នៅថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌា បានស្ដីបន្ទោសទៅកាន់បណ្ដាញសង្គម Twitter របស់សហរដ្ឋអាមេរិក ថាមិនបាន សហការជាមួយ រដ្ឋាភិបាលឥណ្ឌា ក្នុងការបិទគណនីប្រមាណជា ១,១០០ ដែលបានផុសនូវព័ត៌មានទាក់ទងនឹងការតវ៉ារបស់កសិករប្រឆាំងនឹង ការធ្វើ កំណែ ទម្រង់ថ្មីទៅលើវិស័យកសិកម្ម។

បណ្ដាញសង្គម Twitter បាននិយាយថា ពួកគេមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាលឥណ្ឌា ដោយសារតែ ពួកគេយល់ឃើញថា សកម្មភាព នោះ គឺមិនបានល្មើសនឹងច្បាប់របស់ប្រទេសឥណ្ឌាឡើយ ដោយ Twitter លុបចោលតែការផុស និងបិទគណនីតែមួយចំនួនប៉ុណ្ណោះ ប៉ុន្តែ មិន បាន បញ្ជាក់ឈ្មោះនោះទេ៕