(អាមេរិក)៖ ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែផលិតនាឡិការដៃវៃឆ្លាត Smart Watch ដែលមានសមត្ថភាពខ្ពស់ជាង Smart Watch របស់ក្រុមហ៊ុនដទៃ ដែលអាចនិយាយបានថា ជាគូរប្រជែងនឹង Apple Watch។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Information នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១។

Smart Watch របស់ Facebook នេះ នឹងផ្ដោតសំខាន់ទៅលើមុខងារសុខភាព និងការផ្ញើសារ ដោយក្នុងនោះ វាអាចប្រើប្រាស់សេវាផ្ញើសារបានដូច Facebook Messenger និង WhatsApp ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺវាអាចប្រើប្រាស់ស៊ីមកាតបាន ដោយមិនចាំបាច់ភ្ជាប់ជាមួយនឹង Smart Phone ឡើយ។

ចំណែកមុខងារ សុខភាពវិញ គឺអាចធ្វើការតាមដាននៅសកម្មភាពហាត់ប្រាណផ្សេងៗ និងអាចភ្ជាប់ជាមួយនឹងគ្រូបង្វឹក ក៏ដូចជាក្រុមហ៊ុនផ្ដល់សេវាកម្មខាងផ្នែកសុខភាពបានទៀតផង ពោលគឺមុខងារសុខភាពរបស់វា ពោរពេញដោយសមត្ថភាពខ្ពស់តែម្ដង។

គេនៅមិនទាន់ដឹងច្បាស់អំពីឈ្មោះ និងតម្លៃនោះទេ ប៉ុន្តែប្រភពខាងបានអះអាងថា ក្រុមហ៊ុន Facebook ប្រហែលជាសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយឧបករណ៍ Smart Watch ដើម្បីងាយស្រួលក្នុងដាក់លក់នៅទីផ្សារ ជាមួយនឹងតម្លៃចន្លោះពី ១៥០ ដល់ ៤០០ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា Smart Watch របស់ Facebook នេះត្រូវបានគេដឹងថា ប្រើប្រាស់ប្រព័ន្ធដំណើរការ Android ហើយគ្រោងនឹងចេញលក់នៅឆ្នាំ២០២៣៕