(អាមេរិក)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បីលំដាប់ពិភពលោក «American Idol» សម្រាប់ឆ្នាំ២០២១ នេះ ត្រូវបានប្រកាសថានឹងចាប់ផ្តើមដំណើរការ តាមរយៈការផ្សាយផ្ទាល់អនឡាញ ដោយសារតែបញ្ហាកូវីដ១៩។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ កម្មវិធីមួយនេះ នឹងចាប់ផ្តើមការផ្សាយផ្ទាល់ចំថ្ងៃ «ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈ ឆ្នាំ២០២១តែម្តង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Parade នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

ជាការកត់សម្គាល់ កម្មវិធី «American Idol» ឆ្នាំ២០២១ ចាប់ផ្តើមដំណើរការជ្រើសរើសបេក្ខភាពដែលនឹងត្រូវចូលរួមតាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ ខណៈការជ្រើសរើសនោះ គឺត្រូវបានធ្វើឡើងតាមរយៈវីដេអូ Zoom។ ទន្ទឹមគ្នានេះ បេក្ខជនដែលបានជាប់ក្នុងវគ្គជ្រើសរើសលើកទី១នោះ នឹងមានឱកាសបកស្រាយចម្រៀងនៅមុខគណៈកម្មការតែម្តង ដើម្បីឈានដល់វគ្គបន្តបន្ទាប់ទៀត ក្នុងការដណ្តើមពានរង្វាន់ «American Idol» ឆ្នាំ២០២១។

គួរជម្រាបថា គណៈកម្មការដែលនឹងចូលរួមក្នុង កម្មវិធី «American Idol» ឆ្នាំ២០២១នេះ គឺមានដូចជា Lionel Ritchie, Katie Perry និង Luke Bryan។ កម្មវិធីនេះ នឹងមានការផ្សាយផ្ទាល់ចេញពីទូរទស្សន៍ ABC នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៨៖០០ នាទីល្ងាចតទៅ (ពេលវេលានៅអាមេរិក)៕