(ភ្នំពេញ)៖ លោកអគ្គនាយក អ៉ី ពិសិដ្ឋ និងលោកស្រីអគ្គនាយិកា សារ៉ុម ពុទ្ធិកា តំណាងចែកចាយក្រុមហ៊ុនសម្រស់ធម្មជាតិសាខាពោធិ៍ចិនតុង បានរៀបចំកម្មវិធីបង្វឹកដ៏ធំមួយពុំធ្លាប់មានពីមុនមក សម្រាប់តំណាងចែកចាយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ សាខាពោធិ៍ចិនតុង ដែលខ្ទង់ចំណាយរហូតដល់ទៅជាង ១ ម៉ឺនដុល្លារអាម៉េរិក។
កម្មវិធីនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ ដូចជា លោកឧកញ៉ា ផង បណ្ឌិត, លោកឧកញ៉ា ម៉ន សុខា, លោកគ្រូ ផេង សៅឆេង អ្នកឯកទេសជំនាញទីផ្សារ និងការលក់, និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដ៏ល្បីគឺលោកឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ និងលោកជំទាវអគ្គនាយិកា នួន ស៊ុន្ទរី ហៅស្រីអូន ផងដែរ។
គួរជម្រាបថា លោកអគ្គនាយក អ៉ី ពិសិដ្ឋ គឺជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនបុរីធីវិសាគម្រោងទី៤ ដែលកំពុងតែទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអតិថិជន ហើយឥឡូវក៏ជាអគ្គនាយករបស់ក្រុមហ៊ុនអចលនទ្រព្យ ស្តារីកថេក ដែលកំពុងតែទទួលបាននូវកេរ្តិ៍ឈ្មោះគាំទ្រយ៉ាងច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកគឺជាប្រធានតំណាងធំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិទៀតផង។
លោកបាននិយាយថា ការបើកវគ្គបណ្ដុះបណ្ដាលសម្រាប់សមាជិកចែកចាយទាំងអស់ គឺមានអត្ថប្រយោជន៍សំខាន់បំផុតសម្រាប់ជាគន្លឹះ និងការពង្រឹងស្មារតីទៅដល់សិក្ខាកាម ដើម្បីឲ្យពួកគាត់មានស្មារតីមោះមុត ឆន្ទៈមុតស្រួច និងផ្ដល់ឲ្យនូវជំនាញឯកទេសលក់ដ៏ត្រឹមត្រូវមួយ ដែលមិនអាចខ្វះបាន ដើម្បីបំពាក់បំប៉នទៅដល់សមាជិក សមាជិការបស់លោក។
លោកបានបន្តទៀតថា ធនធានមនុស្សរឹងមាំ អាជីវកម្មរឹងមាំ ប្រទេសមួយខ្លាំង គឺអាស្រ័យទៅនឹងធនធានមនុស្សខ្លាំង។ អាស្រ័យហេតុនេះ ទើបលោករៀបចំផ្ដើមចងក្រងនូវវគ្គបណ្ដុះបណ្ដាលដ៏អស្ចារ្យមួយនេះ ទៅដល់សមាជិកចែកចាយ និងសេវាកម្មរបស់លោក។
សូមបញ្ជាក់ផងដែរថា លោក អ៉ី ពិសិដ្ឋ និងភរិយា ដែលត្រូវបានគេស្គាល់កន្លងមកថាគឺជាបុគ្គលដែលចូលចិត្តកសាងតែអំពើល្អ ជាពិសេសគឺផ្ដល់នូវជំនួយសប្បុរសធម៌ជាច្រើនមានដូចជាកាលពីខែមករាកន្លងទៅនេះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥ម៉ឺនដុល្លារអាម៉េរិក ដើម្បីកសាងនូវផ្លូវថ្នល់បេតុងមួយខ្សែជូនប្រជាពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយាលមួយនៅខេត្តក្រចេះផងដែរ។ លើសពីនេះទៀតសោត លោកព្រមទាំងភរិយា ថែមទាំងបានចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើនថែមទៀតជារៀងរាល់ខែ ដើម្បីបរិច្ចាគទៅកាន់អង្គការមនុស្សធម៌ មន្ទីរពេទ្យ សាលារៀន វត្តអារាម ចាស់ជរា ក្មេងកំព្រា និងឧបត្ថម្ភទៅលើជំនួយសប្បុរសធម៌ជាអំណោយជាច្រើនដែលលោកនិងភរិយាធ្លាប់បានកសាងកន្លងមក។
ជាចុងក្រោយលោកបានមានមតិពាក្យពេចន៍ ដើម្បីជាគន្លឹះដាស់ដល់ស្មារតីបណ្ដាសហគ្រិនជំនាន់ក្រោយដូចន័យថា «ការសេពគប់ត្រូវជាផ្លូវឆ្ពោះទៅរកភាពជោគជ័យបានយ៉ាងឆាប់រហ័ស។ មានកេរ្តិ៍តែឈ្មោះល្អប៉ុណ្ណោះទើបជាធនធានអភិវឌ្ឍមួយដែលមិនអាចកាត់ថ្លៃបាន»។
លោកបានស្នើសុំ និងសំណូមពរទៅដល់បណ្ដាសហគ្រិនក្នុងស្រុកនិងក្រៅស្រុកទាំងអស់ សូមបន្តនូវការធ្វើអំពើសប្បុរសធម៌ឱ្យបានច្រើន និងបន្តការជួយជ្រោមជ្រែងទាំងធនធានចំណេះដឹង ទាំងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យបានរីកចម្រើនកាន់តែលឿនឆាប់រហ័ស៕