(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក Premier League ហង្សក្រហម Liverpool បានធ្លាក់ទៅឈរនៅលេខរៀងទី៤ បណ្តោះអាសន្នវិញ ក្រោយបរាជ័យជាលើកទី៣ ជាប់ៗគ្នាចុងក្រោយនេះ នៅពេលចាញ់ក្រុមម្ចាស់ផ្ទះ Leicester City ៣-១ នៅរាត្រីថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
ការបាត់បង់ ៣ពិន្ទុជាលើកទី៣ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp ធ្លាក់ដល់លេខ៤ ដោយមាន ៤០ពិន្ទុចាញ់ក្រុមកំពូលតារាង Manchester City ដែលបានយកឈ្នះ Tottenham Hotspur ៣-០ យប់មិញនេះទៀត កើនដល់ ១៣ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៤ ក្នុងជើងទី២នេះ នៅពេលក្រុមមេឃខៀវនៅសល់ ១ប្រកួតក្នុងដៃថែមទៀត។
កីឡាករខ្សែប្រយុទ្ធ Mohamed Salah ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យ Liverpool នៅនាទី៦៧ ពីការបញ្ជូនរបស់មិត្តរួមក្រុម Roberto Firmino មុនពេលត្រូវម្ចាស់ផ្ទះកញ្ជ្រោងខៀវ Leicester City វាយបកបាន ៣គ្រាប់វិញចុងម៉ោងពីការធ្វើបានសម្រេចដោយកីឡាករ James Maddison, Jamie Vardy និង Barnes ដើម្បីដណ្តើមបាន ៣ពិន្ទុវិញនៅកីឡដ្ឋាន King Power និងជាសងសឹកបានសម្រេចវិញផងដែរ នៅពេលចាញ់ ៣-០ នៅទឹកដី Anfield កាលពីជើងទី១។
៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានធ្វើឲ្យអតីតក្រុមជើងឯក Premier League កាលឆ្នាំ២០១៦ Leicester City ឡើងទៅឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្នវិញជាមួយនឹង ៤៦ពិន្ទុនាំមុខក្រុមលេខ៣ Manchester United ដែលមាន ៤៥ពិន្ទុដែលត្រូវប៉ះម្ចាស់ផ្ទះ West Bromwich Albion ម៉ោង ២១៖០០នាទីយប់ថ្ងៃអាទិត្យនេះ ដើម្បីយកតំណែងលេខ២ វិញ ប្រសិនបើឈ្នះ៕